Q ÷ "មធុបាយាស" - ចង្ហាន់ថ្ងៃត្រាស់ដឹង របស់ព្រះពុទ្ធគ្រប់ព្រះអង្គ ? ហេតុអ្វីចង្ហាន់ថ្ងៃត្រាស់ដឹង និងចង្ហាន់ថ្ងៃបរិនិព្វាន ជាចង្ហាន់ ដែលមនុស្សសត្វដទៃ មិនអាចបរិភោគបាន ? និងជាចង្ហាន់ដែលមានផលច្រើន អានិសង្សច្រើនដូចគ្នា ?
A ÷ "មធុបាយាស" = គឺជា "បាយផ្អែម" - ជាបាយដែលមានរសជាតិផ្អែម (មធុ ប្រែថា ផ្អែម) ។
- ដាំបាយដោយប្រើទឹកដោះគោ(ជំនួសទឹក) និងដាក់ស្ករចូលទៅ តាមសមគួរ - បើមិនចង់ដាក់ស្ករ អាចប្រើទឹកដោះគោដែលមានរសជាតិផ្អែម មកដាំបាយក៏បាន ។
- ជាបាយដែលមានថាមពលខ្ពស់ ផ្តល់កម្លាំងកំហែងបានល្អ ជាប្រភេទបាយប្រណីតមួយប្រភេទ សម្រាប់អ្នកត្រកូលខ្ពស់ប៉ុណ្ណោះ ។
- "មធុបាយាស" ជាចង្ហាន់ប្រណីតសម្រាប់ថ្ងៃត្រាស់ដឹង របស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ - នៅថ្ងៃដែលត្រូវត្រាស់ដឹង រាល់ព្រះពុទ្ធគ្រប់ព្រះអង្គ តែងតែបានទទួលចង្ហាន់ជាបាយ "មធុបាយាស" នេះ គ្រប់ៗព្រះអង្គ នេះជានិយាមរបស់ព្រះពុទ្ធគ្រប់ព្រះអង្គតែម្តង ។ ហេតុនេះ នៅថ្ងៃត្រាស់ដឹង គឹថ្ងៃពេញបូណ៌មី ខែពិសាខ ពុទ្ធបរិស័ទដែលមានការយល់ដឹង នឹងដាំបាយ "មធុបាយាស" ថ្វាយព្រះអង្គផង និងប្រគេនព្រះសង្ឃផង - ដើម្បីរំឭកដល់ព្រះអង្គផង និងដើម្បីយកបុណ្យកុសលជាប់ខ្លួនផង ។
- នាងសុជាតា បានតាំងចិត្តធ្វើបាយមធុបាយាស ដើម្បីលាបំណន់របស់ខ្លួន នៅថ្ងៃពេញបូណ៌មី ខែពិសាខ ជារៀងរាល់ឆ្នាំ ដោយខ្លួនធ្លាប់បានបន់ស្រន់ ចំពោះទេវតាក្រោមដើមជ្រៃមួយកន្លែងថា "បើខ្លួនបានស្វាមីដែលមានឋានៈជាតិត្រកូលស្មើគ្នា និងបានកូនប្រុសជាកូនដំបូង នឹងធ្វើបាយមធុបាយាសបូជាទេវតាដើមជ្រៃនោះ ជារៀងរាល់ឆ្នាំតែម្តង" ។ ហេតុនេះ នៅពេលបំណងរបស់នាងបានសម្រេច នាងសុជាតាក៏បានថ្វាយមធុបាយាសដល់ទេវតាក្រោមដើមជ្រៃនោះ ជារៀងរាល់ឆ្នាំរហូតមក នៅរាល់ថ្ងៃពេញបូណ៌មីខែពិសាខរាល់ឆ្នាំ រហូតដល់កូនប្រុសរបស់នាងធំពេញវ័យ គឺ "យសកុលបុត្រ" (ដែលបានចូលមកបួសជាមួយព្រះអង្គដែរ បន្ទាប់ពីទ្រង់ប្រោសបញ្ចវគ្គីយ៍រួច) ។ ក្រោយមកទាំងឪពុកនិងម្តាយរបស់យសកុលបុត្រ រួមទាំងភរិយាផង ក៏បានសម្រេចធម៌ជាព្រះសោតាបន្នផងដែរ។
- នៅឆ្នាំនោះ មុននឹងដល់ថ្ងៃពេញបូណ៌មី ខែពិសាខ ថ្ងៃត្រាស់ដឹងនោះ នាងសុជាតាបានឲ្យគេយកគោដែលចិញ្ចឹមយកទឹកដោះ ចំនួន ១.០០០ គោ ឲ្យទៅបរិភោគរុក្ខជាតិឈើអែម ដើម្បីឲ្យគោទាំងនោះមានទឹកដោះរសផ្អែម ។ ថ្ងៃបន្ទាប់មក ឲ្យគេរឺតយកទឹកដោះពីគោ ៥០០ ទៅឲ្យគោ ៥០០ ទៀតបរិភោគ ដើម្បីឲ្យគោ ៥០០ ចុងក្រោយនេះ មានទឹកដោះមានរសផ្អែមជាងមុន - ថ្ងៃបន្ទាប់ នាងបានឲ្យគេរឺតទឹកដោះពីគោ ២៥០ ទៅឲ្យគោ ២៥០ ទៀតបរិភោគ - រួចឲ្យគេរឺតយកទឹកដោះពីគោ ១០០ ឲ្យគោ ១០០ ទៀតបរិភោគ - រួចរឺតទឹកដោះពីគោ ៥០ ឲ្យគោ ៥០ ទៀតបរិភោគ - ធ្វើបែបនេះដេញតៗគ្នាទៅ រហូតដល់នៅសល់គោ ៨ ចុងក្រោយ ដែលធ្វើឲ្យទឹកដោះរបស់គោ ៨ ចុងក្រោយនេះ មានរសជាតិផ្អែមយ៉ាងខាប់ល្អ - ទើបឲ្យគេរឺតយកទឹកដោះរបស់គោ ៨ ចុងក្រោយនេះ មកដាំបាយ"មធុបាយាស" សម្រាប់បូជាទេវតាដើមជ្រៃ នៅថ្ងៃពេញបូណ៌មី ខែពិសាខនោះ ។
- នៅថ្ងៃនោះ ដែលជាថ្ងៃត្រូវត្រាស់ដឹង ព្រះឆវីវណ្ណ(ស្បែក) របស់ព្រះពោធិសត្វសិទ្ធត្ថ មានសភាពភ្លឺរន្ទាលចែងចាំងជាខ្លាំង ខុសពីថ្ងៃធម្មតា - ដែលជានិយាមធម្មតារបស់ព្រះពុទ្ធគ្រប់ព្រះអង្គ គឺ នៅថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន (តែ ២ ថ្ងៃប៉ុណ្ណោះ) ដែលព្រះឆវីវណ្ណរបស់ព្រះអង្គទ្រង់មានពន្លឺចែងចាំងភ្លឺរន្ទាលខុសប្រក្រតី ខុសពីស្បែករបស់មនុស្សធម្មតាលើលោក រហូតដល់ដើមជ្រៃទាំងមូលដែលទ្រង់គង់នៅពីក្រោមនោះ មានពណ៌មាសចែងចាំងដែរតែម្តង ទាំងដើម ទាំងមែក ទាំងស្លឹកជាពណ៌មាសតែម្តង (លែងឃើញពណ៌បៃតងរបស់ដើមឈើទៀត) ។ ទ្រង់បានមកគង់នៅក្រោមដើមជ្រៃនោះ លុះនាងទាសីម្នាក់ ដែលនាងសុជាតាប្រើឲ្យមកបោសសម្អាតក្រោមដើមជ្រៃ ដើម្បីធ្វើការសែនបូជាទេវតានោះ មកឃើញព្រះអង្គ នាងទាសីឃើញប្លែកបែបនោះ នាងមិនបានគិតថា ទ្រង់ជាមនុស្សឡើយ នាងទាសីនោះគិតថា "នោះជាទេវតាដើមជ្រៃ ទ្រង់ចុះមកចាំទទួលការបូជាហើយ" ទើបរលះរលាំងរត់ទៅប្រាប់ម្ចាស់ស្រីនាងសុជាតាវិញថា "បពិត្រម្ចាស់ស្រី !! ទេវតា លោកចុះមកចាំទទួលចង្ហាន់ហើយ !!"
- នាងសុជាតាបានចម្លែកចិត្ត តាំងពីពេលដាំបាយនោះមកម្លេះថា "ថ្ងៃនេះ ភ្លើងចង្រ្កានឆេះស្មើល្អ ហើយពពុះបាយមិនបានហៀរចេញដូចរាល់ដងទេ តែវិលជារង្វង់ក្នុងឆ្នាំងយ៉ាងស្អាតទៅវិញ" - ទាំងនេះ ដោយសារស្តេចទេវតាចតុលោកបាលទាំង ៤ មកឈរយាមភ្លើង ថែភ្លើងចង្ក្រាន ដែលជាចង្ហាន់ថ្ងៃត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ទ្រង់នឹងបានត្រាស់ដឹងនៅថ្ងៃនេះ ជាក់ជាមិនខាន ។ ហើយទេវតាទាំង ១ ម៉ឺនលោកធាតុ ( ១ ម៉ឺនចក្រវាឡ) បាននាំគ្នាដាក់រសទិព្វ ចូលទៅក្នុងឆ្នាំងនោះដែរ ដើម្បីបង្កើនរសជាតិចង្ហាន់ថ្វាយព្រះអង្គ ដោយសារទេវតាចង់ធ្វើបុណ្យដែរ ។
- នៅថ្ងៃពិសេសៗរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ គឺ ថ្ងៃត្រាស់ដឹង ១ និងថ្ងៃបរិនិព្វាន ១ (តែ ២ ថ្ងៃនេះទេ) - បណ្តាទេវតាបានថ្វាយរសទិព្វដាក់ចូលទៅក្នុងឆ្នាំង តាំងពីពេលធ្វើចង្ហាន់តែម្តង - ទើបចង្ហាន់ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន មិនអាចមាននរណាអាចបរិភោគចង្ហាន់នេះបានទេ សូម្បីព្រះអរហន្តសាវ័ករបស់ព្រះអង្គ ព្រោះភ្លើងធាតុរបស់មនុស្ស មិនអាចរំលាយរសទិព្វរបស់ទេវតាបានឡើយ - បើមនុស្សឬសត្វណា បរិភោគចូលទៅ នឹងកើតនូវទុក្ខវេទនា ដោយសារអាហារមិនរំលាយមិនខាន - ហេតុនេះ នៅថ្ងៃបរិនិព្វាន ទើបទ្រង់ត្រាស់ប្រាប់ឲ្យនាយចុន្ទថ្វាយចង្ហាន់ "សុករមទ្ទវៈ" (ចង្ហាន់ប្រណីតធ្វើពីសាច់ជ្រូកខ្ចី) ដែលបានត្រៀមទុកនោះ ថ្វាយទ្រង់តែ ១ អង្គឯងប៉ុណ្ណោះ - ចំណែកភិក្ខុដទៃ ឲ្យប្រគេនជាចង្ហាន់ផ្សេង ដែលក្រៅពី "សុករមទ្ទវៈ" នោះ ។ ហើយ"សុករមទ្ទវៈ" ដែលនៅសល់ ឲ្យកប់ដីចោល ចៀសវាងមានសត្វតិរច្ឆានមកបរិភោគ នាំឲ្យកើតនូវទុក្ខវេទនាដល់សត្វទាំងនោះ ។
- ចំណែកថ្ងៃធម្មតាទូទៅ ទេវតាបានដាក់រសទិព្វ ទៅក្នុងអាហារ ១ ម៉ាត់ៗ ដែលបម្រុងនឹងចូលព្រះឱស្ឋ(មាត់) ព្រះអង្គប៉ុណ្ណោះ ទើបមិនមានបញ្ហារឿងនេះ ដូចថ្ងៃបរិនិព្វាន។ ចំណែកថ្ងៃត្រាស់ដឹង ពុំមាននរណាមកឆាន់ចង្ហាន់នោះ បន្ទាប់ពីព្រះអង្គឆាន់ស្រាប់ហើយ ។
- ពេលបាយឆ្អិនល្អ នាងសុជាតាបានដួសបាយមធុបាយាស ដែលធ្វើយ៉ាងប្រណីតមកនោះ ដាក់ក្នុងថាសមាស គ្របពីលើយ៉ាងស្អាត ធ្វើដំណើរយកមកថ្វាយព្រះអង្គ ដោយគិតថា ជាទេវតាដើមជ្រៃ - នៅថ្ងៃត្រាស់ដឹង របស់ព្រះពុទ្ធគ្រប់ព្រះអង្គ បាត្រដាក់ចង្ហាន់របស់ទ្រង់បានបាត់ទៅ គ្រប់ព្រះអង្គតែម្តង ទ្រង់ក្រឡេករកបាត្រមិនឃើញ ដើម្បីមកទទួលចង្ហាន់របស់នាងសុជាតា ទ្រង់ក៏គង់នៅស្ងៀម - នាងសុជាតាសង្កេតឃើញថា ទ្រង់អត់មានអ្វីមកទទួលចង្ហាន់ពីនាង ទើបនាងប្រកាសថ្វាយទាំងថាសមាសនេះតែម្តង ទើបទ្រង់ទទួលចង្ហាន់"មធុបាយាស"របស់នាងសុជាតា ធ្វើឲ្យនាងសុជាតាបានទទួលនូវផលបុណ្យច្រើន ព្រោះជាចង្ហាន់ថ្ងៃត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធលើលោកនេះឯង ។
- លុះនាងសុជាតា និងនាងទាសី បានត្រឡប់ទៅវិញហើយ ទ្រង់បានតាំងព្រះទ័យថា ចង្ហាន់នេះ ជាចង្ហាន់ចុងក្រោយរបស់ទ្រង់ ដរាបណាទ្រង់មិនបានសម្រេចអនុត្តរសម្មាសម្ពោធិញ្ញាណទេ ទ្រង់នឹងមិនឆាន់អ្វីៗទៀតឡើយ ។ ទ្រង់មានបំណងឲ្យចង្ហាន់ ១ ពេលនេះ ឲ្យអាចទ្រទ្រង់រាងកាយរបស់ព្រះអង្គបានយូរបំផុត តាមដែលអាចធ្វើទៅបាន ។ ទ្រង់បានពូតបាយមធុបាយាសនោះ ជាពំនូតៗ រាប់ទៅបាន ៤៩ ដុំ ។ ទ្រង់ក៏អធិដ្ឋានឲ្យអាហារទាំងនេះ ១ ដុំៗ ឲ្យអាចទ្រទ្រង់រាងកាយរបស់ព្រះអង្គ ឲ្យបាន ១ ថ្ងៃ - ដូច្នេះ ៤៩ ដុំ ទ្រង់អធិដ្ឋានឲ្យអាចទ្រទ្រង់រាងកាយបាន ៤៩ ថ្ងៃដែរ (៧ សប្តាហ៍) - រួចទ្រង់ក៏ឆាន់ចង្ហាន់ទាំងអស់នោះចូលទៅ ។
- ពេលឆាន់រួច ទ្រង់កាន់ថាសមាសនោះ ទៅកាន់ស្ទឹងនេរញ្ជរា នៅក្បែរនោះ រួចអធិដ្ឋានឡើងថា "ប្រសិនបើថ្ងៃនេះ ទ្រង់នឹងបានត្រាស់ដឹងពិតមែននោះ សូមឲ្យថាសមាសនេះ ហូរបញ្ច្រាសចរន្តទឹកឡើងទៅលើវិញ កុំបីហូរតាមខ្សែទឹកទៅឡើយ" ចប់ការអធិដ្ឋាន ទ្រង់ក៏បោះថាសនោះ ទៅក្នុងទឹកស្ទឹង រួចទ្រង់ឈរសម្លឹងមើលថាសមាសនោះ ។ ថាសនោះហូរទៅបានបន្តិច ស្រាប់តែឈប់ហូរហើយចាប់ផ្តើមហូរបញ្ច្រាសទៅលើវិញ ប្រមាណ ៨០ ហត្ថ ក៏លិចចុះបាត់ទៅក្នុងទឹកទៅ - ដូច្នេះទ្រង់ក៏ដឹងថា ថ្ងៃនេះទ្រង់ច្បាស់ជាបានត្រាស់ដឹងជាមិនខាន ក្នុងថ្ងៃនេះតែម្តង ទ្រង់ក៏រីករាយក្នុងព្រះទ័យ យាងត្រឡប់មកវិញ ។ ពេលរសៀលទ្រង់ក៏បានទទួលស្បូវភ្លាំង ៨ ក្តាប់ ពីឧបាសកម្នាក់ ដែលដើរកាត់ទីនោះ ហើយកើតសេចក្តីជ្រះថ្លា ក៏ថ្វាយស្បូវភ្លាំងដល់ទ្រង់ ដើម្បីធ្វើជាអាសនៈគង់ ។
- ទទួលស្បូវភ្លាំងរួចហើយ ទ្រង់ក៏យាងមកកាន់ដើមពោធិ មនសិការរកកន្លែងគង់ ទ្រង់ពិចារណាមើលថា តើទិសណានៃដើមពោធិ៍ដែលអាចទ្រទ្រង់ការត្រាស់ដឹងបាន ? ទ្រង់ឃើញថា ទិសខាងជើង ខាងលិច និងខាងត្បូងដើមពោធិ៍ មិនអាចទ្រទ្រង់ការត្រាស់ដឹងបានទេ ព្រោះនៅពេលទ្រង់យាងមកកាន់ទិសនោះ ផែនដីត្រង់នោះ កើតញាប់ញ័រ - ទើបទ្រង់យាងមកកាន់ទិសខាងកើតនៃដើមពោធិ៍ ដែលជាផ្ចិតនៃផែនដី ទើបផែនដីនៅត្រង់នោះមិនមានអាការញាប់ញ័រ ហើយក៏ផុសបល្ល័ង្កត្រាស់ដឹងឡើង នៅទីនោះ ទ្រង់ក៏ក្រាលស្បូវភ្លាំងទាំង ៨ ក្តាប់នោះ ពីលើបល្ល័ង្កត្រាស់ដឹង និងអធិដ្ឋានសេចក្តីព្យាយាម ដើម្បីការត្រាស់ដឹងថា "ដរាបណាមិនទាន់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណទេ ទ្រង់នឹងមិនក្រោកចេញពីអាសនៈត្រង់នេះទេ ទោះបីជាស្បែក សរសៃ ឬឈាមរបស់ទ្រង់ ខ្សោះអស់សោះខ្លួនក៏ដោយ" ។
- ពេលព្រលប់ទ្រង់ប្រឈមនឹងស្តេចមារ ដែលមកដណ្តើមបល្ល័ង្ក និងទេពធីតាមារ ទាំង ៣ (នាងតណ្ហា នាងរាគៈ និងនាងអរតិ) ដែលជាធីតារបស់ស្តេចមារ មកលួងលោមទ្រង់ដោយអន្ទាក់នៃកាមគុណ ប៉ុន្តែទ្រង់ក៏ឈ្នះស្តេចមារ ព្រមទាំងបរិវារ រួមទាំងទេពធីតាមារផងដែរ ដោយសារបារមីទាំង ៣០ របស់ព្រះអង្គ ។
- ពេលបឋមយាម (ម៉ោង ៦ ល្ងាច ដល់ម៉ោង ១០ យប់) ទ្រង់បានសម្រេចបុព្វេនិវាសានុស្សតិញ្ញាណ (ញាណរឭកអតីតជាតិ) ទ្រង់ប្រមើលមើលសង្សារវដ្តខាងដើមរបស់សត្វលោកអស់ពេល ១ យាមទៅហើយ ទ្រង់រកមិនឃើញទីបំផុតខាងដើមនៃសង្សារវដ្ត គឺទ្រង់រកឃើញថា សង្សារវដ្តខាងដើមរបស់សត្វលោក គ្មានឡើយ ។
- លុះមជ្ឈិមយាម(ម៉ោង ១០ យប់ ដល់ម៉ោង ២ ភ្លឺ) ទ្រង់បានសម្រេចចុតូប្បាតិញ្ញាណ (ញាណដឹងចុតិនិងបដិសន្ធិរបស់សត្វ) ទ្រង់រកមើលទីបំផុតខាងចុងរបស់សង្សារវដ្ត ទ្រង់ក៏រកមិនឃើញថា សង្សារវដ្តនឹងចប់នៅពេលណាដែរ គឺទ្រង់រកឃើញថា សង្សារវដ្តគ្មានទីបំផុតខាងចុងឡើយ ។
- លុះដល់បច្ចិមយាម (ម៉ោង ២ ភ្លឺដល់ម៉ោង ៦ ព្រឹក) ទ្រង់ក៏បានពិចារណានូវសភាវៈបច្ចុប្បន្ន ទ្រង់ក៏រកឃើញនូវធម៌ដែលជាហេតុជាបច្ច័យតៗគ្នា ទើបជាប្រភពកកើតឡើងនៃសង្សារវដ្ត ទ្រង់ពិចារណានូវបដិច្ចសមុប្បាទ(ធម៌ដែលជាហេតុប្បច្ច័យតៗគ្នា) - ទើបទ្រង់បានរកឃើញនូវវិធីកាត់ផ្តាច់នូវសង្សារវដ្តរបស់សត្វលោក សម្រេចបាននូវការត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ ជាព្រះសម្មាសម្ពុទ្ធ ១ អង្គលើលោក ជាបុគ្គលប្រសើរបំផុតលើលោក ជាសាស្តាឯកលើលោក ប្រសើរលើសអស់មនុស្ស ទេវតា និងព្រហ្ម ។
- ទ្រង់មានកម្លាំងកំហែងរហូតមកដល់ពេលយប់ ដែលមានការត្រាស់ដឹងនោះ ទ្រង់បានចូលសមាបត្តិដល់ទៅ ២៤ សែនកោដិសមាបត្តិ និងអាចពិចារណាធម៌ បានទៅដោយរលូនល្អ ដោយសារកម្លាំងពីអាហារ "មធុបាយាស" របស់នាងសុជាតា ដែលបានថ្វាយព្រះអង្គកាលពីព្រឹកនោះឯង - ហេតុនេះ ចង្ហាន់ "មធុបាយាស" របស់នាងសុជាតា ទើបមានផលច្រើន មានអានិសង្សច្រើន ដូចចង្ហាន់ថ្ងៃបរិនិព្វាន"សុករមទ្ទវៈ" របស់នាយចុន្ទដែរ ដោយសារទ្រង់បានចូលសមាបត្តិដល់ទៅ ២៤ សែនកោដិសមាបត្តិដូចគ្នាបែបនេះ ។
សូមអនុមោទនា..!!
- សាកល្បងដាំបាយមធុបាយាសខ្លួនឯងម្តងទៅ មិនបាច់ត្រកូលខ្ពស់ ក៏អាចញ៉ាំបាយមធុបាយាសរបស់ខ្លួនបានដែរ ។
- ចាំដាំបាយមធុបាយាស ប្រគេនលោកឆាន់ម្តង !!
អមរាទេវី._ (០១ សីហា ២០២១)
ប្រភព: ហ្វេសបុក Amara Tevy


0 comments:
Enregistrer un commentaire