«#ពាក្យសម្បថរបស់ព្រះមហាក្សត្រខ្មែរនៅសិលាចារឹកប្រាសាទភិមានអាកាស (ត្រង់ខ្លោងទ្វារចូលប្រាសាទ)»
ក្នុងរជ្ជកាលព្រះបាទសូរ្យវម្ម៌ទី១ ដែលជាសម័យកាលមួយដែលប្រទេសកម្ពុជាមានភាពរំជើបរំជួលដោយមានការ បះបោរពីសំណាក់ប្រជាជននៅខេត្តបាត់ដំបង និងមន-
ខ្មែរនៅក្នុងខេត្តលពបុរី(ថៃបច្ចុប្បន្ន)តមតម្រូឱ្យមានការស្បថស្បែរពីសមាជិកគ្រប់ជាន់ថ្នាក់ក្នុងរាជរដ្ឋាភិបាលរបស់ទ្រង់។ ដោយសារតែខ្លឹមសារដែលព្រះអង្គបានបន្សល់ទុកលើផ្ទាំងសិលាចារឹក (k.292-ka 501) ទើបធ្វើឲ្យដឹងអំពីសារៈ សំខាន់នៃពាក្យសម្បថនាស.វទី១១ ដែល
មានខ្លឹមសារដូចតទៅ:
“ នៅមហាសករាជ៩៣៣. ៩កើតខែភទ្របទថ្ងៃអាទិត្យនេះគឺជា ពាក្យសម្បថយើងទាំងអស់គ្នា ដែលនៅជាភាគ(ងារ)
តម្រួច (ឯក, ទោ, ត្រីណិនិងចត្វាវិ) វេលាសម្បថនេះយើងសូមកាត់ដៃថ្វាយជីវិតដោយភក្តីភាពដ៏បរិសុទ្ធរបស់យើង ចំពោះព្រះបាទសម្តេចព្រះស្រីសូរ្យវម្ម៌ យើងសូមធ្វើសម្បថ
នៅចំពោះមុខព្រះអគ្គី (ព្រះភ្លើង) ព្រះរតនវត្ថុនិងព្រាហ្មណា
ចារ្យទាំងអស់។ យើងមិនគោរពថ្វាយដល់ព្រព្រះមហាក្សត្រណាដទៃទៀតក្រៅពី ព្រះអង្គឡើយ យើងមិនក្លាយទៅ
ជាខ្មាំងសត្រូវ(ក្បត់)ចំពោះព្រះអង្គឡើយ។
“ អំពើទាំងឡាយណាដែលកើតចេញពីសេចក្តីកតញ្ញូភក្តី ចំពោះព្រះបាទស្រីសូរ្យវម្ម៌ទេវនោះយើងគប្បីខិតខំធ្វើ។ បើសិនជាពេលមានចម្បាំងយើងខិតខំច្បាំងយ៉ាងមោះមុត
ឲ្យអស់ពីសន្តានចិត្តយើងមិនគិតស្ងួន(សំចៃ) នូវជីវិតយើងដោយភក្តីភាពរបស់យើង ចំពោះព្រះអង្គឥតរត់គេចវេសពីសង្គ្រាមចម្បាំងឡើយ ទោះបីពេលឥតមានចម្បាំង។ បើសិនជាយើងស្លាប់ដោយសារជំងឺប្រចាំខ្លួនយើងនឹង
សូមឲ្យការទទួលផលល្អនៃភាពស្មោះត្រង់ចំពោះព្រះមហាក្សត្រិយ៍កើតមានដល់យើង។ បើសិនជាយើងអាចបម្រើរាជការរហូតដល់អស់ជីវិតន៎ុះ យើងស្លាប់ដោយ
ប្រការណាៗមួយគួរយើងស្លាប់ដោយភក្តីភាពយ៉ាងនេះ។
“ ប្រសិនបើក្នុងរជ្ជកាលនៃព្រះស្រីសូរ្យវមហម៌ទេពព្រះអង្គមានព្រះរាជបន្ទូលមកប្រើយើងឲ្យទៅទីដ៏ឆ្ងាយព្រោះទ្រង់ត្រូវការព័ត៌មានផ្សេងៗនោះយើងនឹងខិតខំស្វែងរកថ្វាយឲ្យដឹងអស់ហេតុការណ៍ពិតៗឲ្យបានក្បោះក្បាយតាមគន្លង
ពាក្យសម្បថនៃយើងគ្រប់ៗប្រាណ។
“ បើសិនជាយើងមិនបានគោរពតាមព្រះរាជបញ្ជាពាក្យសម្បថនេះទេយើងសូមឲ្យព្រះមហាក្សត្រិយដែលសោយ
រាជ្យក្នុងថ្ងៃអនាគតដាក់ទណ្ឌកម្មដល់យើងខ្ញុំកុំឲ្យខ្វះប្រការណាមួយឡើយ។
“ បើសិនជាយើងបានប្រព្រឹត្តអំពើក្បត់ខុសអំពីពាក្យសម្បថនេះសូមឲ្យយើងទៅកើតនៅឋាននរក៣២ជាន់រហូតដល់
អស់ព្រះអាទិត្យនិងព្រះចន្ទ (រហូតដល់រំលាយពិភពលោក)។
“ បើសិនជាយើងទាំងអស់គ្នាគោរពតាមព្រះរាជបញ្ជាដោយបរិសុទ្ធតាមពាក្យសម្បថនេះសូមឲ្យព្រះមហាក្សត្រិយចេញព្រះរាជបញ្ជាដើម្បីឲ្យទូលបង្គំបាននៅថែរក្សាការកសាងបុណ្យបារមីព្រះអង្គនៅក្នុងព្រះនគរយើងនិងសូមសម្បត្តិទាំងពួងចូរមានដល់គ្រួសារយើងដោយសេចក្តីសុខ។ ស្វាមីភក្តីរបស់យើងចំពោះព្រះស្រីសូរ្យវម្ម៌ទេពដែលព្រះអង្គទ្រង់បានគ្រងរាជពេញលក្ខណៈតាំងពីមហាសករាជ៩២៤(ត្រូវនឹងឆ្នាំ១០០២
នៃគ្រិស្គសករាជ) ។ លទ្ធផលនៃស្វាមីភក្តីរបស់យើងតាំងពីលោកយើងនេះរហូតដល់បរលោក” ។
---------------------
ដកស្រង់ពី ផេក មរតកកម្ពុជា និងប្រភពពី
លោកមេធាវី ផាន់ ច័ន្ទ ស័ក្តិ សម្រួលអក្ខរាវិរុទ្ធ
និងកែពាក្យខុសមួយចំនួន ដោយ កូនខ្មែរ ចាន់ តួ ។






0 comments:
Enregistrer un commentaire