mardi 17 février 2026

 ប្រវត្តិលម្អិត វត្តបាឡាត់ខេត្តបាត់ដំបង


            វត្តបាឡាត់ស្ថិតនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងខាងកើតមានព្រំប្រទល់ទល់នឹងអូរ(លោកតាតក់) ខាងលិចទល់នឹងថ្នល់ខេត្តទៅសាលាតាអន ខាងជើងទល់នឹងរោងម៉ាស៊ីន សាម ហ៊ត  របស់លោកអ្នកឧកញ្ញ៉ាបំរ៉ុងរដ្ឋ សោហឺ នឹងដីរបស់ឧបាសក​ ជៀម ឧបាសិកា មៀច ខាងត្បូងទល់នឹងសាលាបឋមសិក្សាបាឡាត់។ វត្តនេះមានចំងាយ ៣គ.ម ពីទីក្រុងបាត់ដំបង ។ វត្តនេះមានឈ្មោះថា វត្តបាឡាត់ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ វត្តបាឡាត់ត្រូវបានកសាងឡើងឆ្នាំ ១៨៤៥ ដោយលោកបាឡាត់ឈ្មោះ រស់ ។

យោងតាមឯកសារសៀវភៅប្រវត្តិខេត្តបាត់ដំបងសម័យលោកម្ចាស់របស់លោក តូច ឈួង ត្រង់ ទំព័រ ១៨ និង ១៩ បាននិយាយថា៖


            នៅរាជធានីឧត្ដុងមានវិបត្តិរាជវង្សយ៉ាងខ្លាំង យួនបានលើកក្សត្រអង្គម៉ីអោយសោយរាជ្យ ព្រះអង្គ ដួង និងព្រះអង្គ អិម​ដែលជាព្រះអនុជ ព្រះអង្គច័ន្ទបានរត់ទៅស្រុកសៀម។ សៀមបានឧបត្ថម្ភព្រះអិម និងព្រះអង្គដួង ដោយចាត់ព្រះអង្គអិម មកគង់បណ្ដោះអាសន្នឯខេត្តបាត់ដំបង។ ព្រះអង្គដួងយាងមកគង់នៅមង្គលបុរី ត្រង់វត្តពោធិលួង។ នៅពេលមកដល់បាត់ដំបង ព្រះអង្គបានកសាងបន្ទាយមួយតែជាប៉មបន្ទាយធ្វើអំពីឈើច្រុះក្ដារដាក់ដី​ប៉ុន្តែទឹកលិចនៅរដូវវស្សា។


            នៅពេលនោះស្ដេចសៀម ព្រះណាងក្លាវ ហាក់ដូចជាចង់ឈប់ឲ្យគ្រួសារចៅហ្វាបែនកាន់អំណាចនៅខេត្ត       បាត់ដំបងទៀត ក៏បានប្រគល់ខេត្តបាត់ដំបងឲ្យទៅព្រះអង្គអិម ត្រួតត្រាវិញ។ ព្រះអង្គអិមមិនពេញចិត្តនឹងធ្វើត្រឹមតែស្ដេចក្រាញ់ត្រួតខេត្តមួយទេ គឺចង់មកសោយ្យរាជ្យសម្បត្ដិនៅក្រុងឧត្ដុងតែម្ដង។ គាប់ជួនពេលនោះយួនដឹងថាព្រះអង្គអិមមកគង់នៅខេត្តបាត់ដំបង ទើបចាត់ភ្នាក់ងារសំងាត់ដែលគេហៅថា អុងផរ អោយចូលមកប្រលោមព្រះអង្គអិម ដោយបោកប្រាស់ថា យួនប្រគល់រាជសម្បត្តិថ្វាយ។ ព្រះអង្គអិមត្រេកអរណាស់ ព្រោះត្រូវនឹងចំនុចចិត្តខ្លួន ទើបសរសេរសំបុត្រសម្ងាត់ទៅថ្វាយស្រុកសៀមថា ព្រះអង្គដួងដែលគង់នៅមណ្ឌលបុរី មានទំនាក់ទំនងសមគំនិតជាមួយយួន។ កលល្បិចនេះមានគោលបំណងបំបែកព្រះអង្គដួង​កុំអោយមកសោយរាជ្យនៅឧត្ដុង្គប្រជែងនឹងព្រះអង្គ។ ស្ដេចសៀមទទួលដំណឹងនេះភ្លាមក៏ចាត់ឲ្យមកសោយរាជ្យនៅឧត្ដុង្គប្រជែងនឹងព្រះអង្គ។ ស្ដេ​ចសៀមទទួលដំណឹងនេះភ្លាមក៏ចាត់ឲ្យគេមកយាងព្រះអង្គដួង ទៅក្រុងបាងកក។


            នៅពេលមានឱកាសល្អ ព្រះអង្គអិម ក៏លួចធ្វើដំណើរដោយស្ងាត់ជាមួយភ្នាក់ងារយួនទៅឧត្ដុង។ ព្រះអង្គអិមមិនយាងទៅតែម្នាក់ឯងទេ​ ថែមទាំងបានចាប់លោកបាឡាត់ រស់ ក្រមការខេត្តបាត់ដំបង ព្រមទាំងកៀរគ្រួសារខ្មែរនៅតាមដងផ្លូវយកទៅផង។ តែនៅពេលទៅដល់ពោធិ៍សាត់ យួនក៏ចាប់ព្រះអង្គអិម ព្រមទាំងលោកបាឡាត់ និងគ្រួសារខ្មែរយកទៅឃុំនៅក្រុងវ៉េ នាប្រទេសអាណ្ណាម។ យួនឃុំគ្រួសារខ្មែរទុកនៅស្រុកវាអស់រយៈពេលជាង១០ឆ្នាំ។ នៅក្រុងវ៉េនេះលោកបាឡាត់រស់ បានបន់ស្រន់ព្រះរតនត្រៃសូមជួយគាត់និងគ្រួសារឲ្យបានត្រលប់មកស្រុកខ្មែរវិញ។ លោកបាឡាត់បានបន់ស្រន់ថា នឹងសាងវត្តមួយដើម្បីតបស្នងសងគុណព្រះរតនត្រៃ។ ហេតុនេះហើយបានជាក្រោយពេលដែលគាត់បានត្រលប់មកស្រុកខ្មែរវិញលោកបាឡាត់បានសាងវត្តមួយ ហៅថា វត្តបាឡាត់សព្វថ្ងៃ។


            ដូចនេះវត្តបាឡាត់ជាវត្តលាបំនន់របស់ លោកបាឡាត់ រស់ និងគ្រួសារខ្មែរ។


            វត្តបាឡាត់ចាប់ពីកសាង១៨៤៥ មកទល់នឹងសព្វថ្ងៃនេះ២០១៩ មានអាយុកាល១៧៤ឆ្នាំមកហើយ វត្តនេះមានលោកគ្រូចៅអធិការទាំងអស់១២អង្គគឺ៖


លោកគ្រូចៅអធិការទី១ ព្រះនាម ដុំ ជាព្រះឧបជ្ឈាយយ៍របស់លោកកថាថន ឈុំ។

លោកគ្រូចៅអធិការទី២ ព្រះនាម កុយ ហៅថាលោកគ្រូ យឺត។ លោកគ្រូត្រូវបានអនុញ្ញាតិអោយជនជាតិឥស្លាម ឈ្មោះ ឱង ម៉ាក់ ជាកូនរបស់ ឱង យ៉ាស់ សងនៅលើដីវត្តមាត់អូរប៉ែកខាងត្បូង។

លោកគ្រូចៅអធិការទី៣ ព្រះនាម ទេព

លោកគ្រូចៅអធិការទី៤ ព្រះនាម ញ៉ោះ

លោកគ្រូចៅអធិការទី៥ ព្រះនាម អ៊ុយ

លោកគ្រូចៅអធិការទី៦ ព្រះនាម ហ៊ីង​ លោកបានដឹកនាំកសាងព្រះវិហារទី២

លោកគ្រូចៅអធិការទី៧ ព្រះនាម មាន់

លោកគ្រូចៅអធិការទី៨ ព្រះនាម ជា

លោកគ្រូចៅអធិការទី៩ ព្រះនាម ឡុង ប៉ិច

លោកគ្រូចៅអធិការទី១០ ព្រះនាម ស្រី ពេជ្រ

លោកគ្រូចៅអធិការទី១១ ព្រះនាម កែវ ភាច

លោកគ្រូចៅអធិការទី១២ គឺព្រះគ្រូចៅអធិការបច្ចុប្បន្ន ព្រះនាម សៀង សាន

ស្ថានភាព វត្តបាឡាត់ មុនឆ្នាំ១៩៧៥


            ឆ្នាំ១៩៤០ លោកគ្រូចៅអធិការទី១០ ព្រះនាម ស្រី ពេជ្រ លោកមានកំណើតនៅភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ កាលនោះលោកនិមន្តមករៀនបាលីនឹងលោកគ្រូមហា តា ពេជ្រ នៅវត្តកែវ ឃុំសំរោងក្នុង ហើយត្រូវបានព្រះថេរៈព្រះនាម កែ អ៊ុន និង លោកអាចារ្រវត្តឈ្មោះ ឈឹម ឌុច ព្រមទាំងចាស់ទុំមួយចំនួន ទៅនិមន្តមកជួយគ្រប់គ្រងវត្តបាឡាត់ព្រោះលោកគ្រូចៅអធិការទី៩ ព្រះនាម ឡុង ប៉ិច បានចាកសិក្ខាបទ។


            នៅពេលនោះគេសង្កេតឃើញជាក់ស្ដែង


            ព្រះវិហារទី២ សព្វថ្ងៃដែលបានកសាងជំនាន់លោកគ្រូចៅអធិការទី៦ ព្រះនាម ហ៊ីង នៅហោជាងខាងលិចបញ្ជាក់ប្រាប់ គ.ស ១៩៣៤ បើគិតទៅរំលងចៅអធិការបីអង្គហើយគឺ លោកគ្រូ មាន់ លោកគ្រូ ជា និងលោកគ្រូ ឡុងប៉ិច បានសំរេចបាន ៧០% ទៀត ដែលលោកគ្រូចៅអធិការជំនាន់ក្រោយត្រូវកសាងបន្ថែម។ សាលាឆាន់ខាងមុខទ្រុឌទ្រោមយ៉ាងខ្លាំង១ខ្នង ។ កុដិធំចាស់មានសភាពមាំទាំនៅឡើយកុដិនេះស្ថាបនាដោយឈើខ្លឹម គឺឈើកកោះ ហើយមាំៗ ជញ្ជាំង ទ្វារ បង្អួច រចនាជាប្រអប់ ដំបូលរាងរោងដោល សសរដាំផ្ទាល់ដីមួយខ្នង។ កុដិឈើនៅជួរខាងត្បូង ដំបូលកាចូម ជញ្ជាំងបាយអរ ២ខ្នង។ កុដិយាយ​ខៀវទាប ធ្វើពីជញ្ជាំងស្លឹក ១ខ្នង ចាស់ទ្រុឌទ្រមខ្លាំង។ នៅជ្រុងអាគ្នេយ៍ព្រះវិហារមានចេតិ៍យបុរាណមួយប្រហែលសាងសង់ឡើងក្នុងជំនាន់ព្រះវិហារចាស់។ នៅខាងជើងព្រះវិហារមានកូនចេតិ៍យមួយរាងដូចអកកំបោ។ នៅទិសឦសានព្រះវិហារមានគុម្ពឫស្សីលកមួយគុម្ពយ៉ាងធំ នៅខាងត្បូងឫស្សីលក មានដើមពង្រមួយដើម​យ៉ាងធំប្រកបដោយមែកសាខា ខាងលិចដើមពង្រមានខ្ទមអ្នកតា នៅខាងត្បូងនោះឆ្ងាយបន្តិចមានដើមគូលែនមួយដើម និងស្វាយមួយដើម នៅខាងលិចចេតិ៍យតូចមានដើមចាន់មួយដើមធំជាងដើមឈើទាំងអស់មាននៅក្នុងវត្ត ជាទីលំនៅរបស់អនិស្សមានកាយ វាតែងបន្លាចគេឯងនៅពេលទៀបភ្លឺគួរឲ្យខ្លាច។


            នៅឆ្នាំ១៩៤១ លោកគ្រូ ស្រី ពេជ្រ មានផែនការរៀបចំធ្វើឲ្យវត្តមានសភាពសមរម្យ ព្រោះសំឡឹងឃើញសមិទ្ឋផលបុរាណភាគច្រើនសុទ្ធទ្រុឌទ្រោម។


            នៅឆ្នាំ១៩៤១-១៩៤៥ បានឯកភាពនឹងលោកអាចារ្យ ឈឹម ឌុច រុះរើសាលាចាស់ខាងលិចព្រះវិហារហើយកសាងសាលា ៣ខ្នងជំនួសវិញ មួយខ្នងខាងត្បូង ពីរខ្នងទៀតនៅខាងជើង។ មួយខ្នងខាងត្បូងមានទំហំ ៩ម x១៤ម ធ្វើអំពីឈើប្រក់ក្បឿង មានចំរឹងទាបព័ទ្ធជុំវិញ។ ពីរខ្នងខាងជើងជាសាលាឆាន់ជាសាលាដាំស្លនិង សាលាឆាន់សព្វថ្ងៃ។ សាលាឆាន់មានទំហំ ៧មx១៤ម ឯ សាលាដាំស្លមានទំហំ ៤មx១២ម មានជញ្ជាំងព័ទ្ធជុំវិញ និងមានទ្វាបង្អួចត្រឹមត្រូវ ដោយការឧបត្ថម្ភពីលោកតា ហ្លួង នរិន្ទ ហៅលោកព្រះឃ្លាំង នៅខាងជើងភូមិត្បាល់កិន ក្រោមវត្តសូភី និងលោកតាមេឃុំ ឱម ត្រើយម្ខាង (ភូមិចិនដាំស្ពៃ) និងពុទ្ធបរិស័ទមួយចំនួនទៀត។


            ឆ្នាំ១៩៤៨-១៩៤៩


            ទាមទារដីពី ឱង ម៉ាត់ ដែលលោកគ្រូចៅអធិការទី២ អនុញ្ញាតឲ្យគាត់នៅដើម្បីប្រកបរបរអាជីវកម្មធ្វើទូរលក់ និងជួសជុលទូកដែលពុកលិច។ ឱងម៉ាត់ បានសង់ផ្ទះលើដីនោះ តែជាផ្ទះស្បូវទេ។ អស់កាលជាយូរខែឆ្នាំ គាំត់បង្កើតបានជាកូន ពូនជាចៅ លុះកូនៗ ចៅៗរបស់គាត់មានភាពចង្អៀតក៏បែកសង់ផ្ទះបន្ថែមនៅលើដីនោះទៀត ដើម្បីសំរួលដល់ការរស់នៅ។ តំណតទៅលោកគ្រូកុយ ក៏សុគត ឱង ម៉ាត់ ក៏ស្លាប់ ហើយកូនពៅក្រោយៗក៏ចេះតែរស់នៅយ៉ាងសុខសាន្តរហូត។ ក្មេងៗខាងក្រោយក៏សម្គាល់នេះជាដីរបស់ខ្លួន។ ក្នុងរាជ្យព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុវរ្ម័ន ចាស់ទុំមួយចំនួនដែលដឹងកាពិតបានបង្ហើបរឿងដីវត្តនេះ ប្រាប់លោកគ្រូធ្វើយ៉ាងណា។​មតិច្រើន ថាត្រូវតែទាមទាយកមកដាក់ជាសម្បត្តិវត្តវិញ ទើបលោកគ្រូចាត់អោយលោកគ្រូចាត់ឲ្យតាអាចារ្យពីនាក់ គឺលោកតាអាចារ្យ ឈិន ហែម និងលោកអាចារ្យ ឯម ប៉ង ទៅសាកសួរពត៌មានឯសាលាស្រុកសង្កែ ហើយសាលាស្រុកបានបំភ្លឺថាបើរឿងនេះពិតប្រាកដដូច្នេះមែនវត្តទាមទារយកវិញបាន។ រឿងនេះបានឡើងទៅដល់ភ្នំពេញ ថ្នាក់លើក៏សំរេចឲ្យអ្នកដែលរស់នៅលើដីនោះថយចេញហើយប្រគល់ដីនោះមកឲ្យមកវត្តវិញ។


            នៅពេលដែលដីនោះបានប្រគល់មកជាសម្បតិ្តវត្តវិញហើយ ចាស់ៗភាគច្រើនបានមានមតិចង់ធ្វើដីនោះឲ្យមានប្រយោជន៍សំរាប់វត្ត ទើបជួលដីនោះថៅកែ ខូវ បុណ្យប៉ៅ ដើម្បីសង់ម៉ាស៊ីនកិនស្រូវ ដោយយកឈ្នួលជាអង្ករ ១៨បាវក្នុង១ឆ្នាំសំរាប់ចិញ្ចឹមព្រះសង្ឃក្នុងវត្តបាឡាត់។


            ម៉ាស៊ីននោះមានឈ្មោះថា យ៉ុង សេងហេង មានដំនើរការរហូតដល់ឆ្នាំ ១៩៧៥។


ឆ្នាំ១៩៥០ លោកគ្រូ ស្រី ពេជ្រ​និងគណៈកម្មារអាចារ្យវត្តបានឯកភាពកសាងជណ្ដើរចុះស្ទឹង ដើម្បីសំរួលដល់ការចុះឡើងនៅពេលមុជទឹក និង ការស្រង់ទឹករបស់ព្រះសង្ឃ ព្រោះមុខវត្តជាដីដុះសំបូរដោយភក់ល្បាប់ពិបាកក្នុងការចុះឡើង ទើបសំរេចធ្វើជណ្ដើរជា៣ដំណាក់រហូតដល់បាតស្ទឹងជណ្ដើរនោះមាំក្រាស់ជាឈើកោះ ហើយមានកាំធំៗជាន់ពេញបាតជើង។ លោកអាចារ្យ ឈឹម ឌុចជាមេជាង ភិក្ខុសាមណេរក្នុងវត្តជាកូនជាង។ ការបានជណ្ដើរចុះឡើងទៅកាន់កំពង់ អ្នកស្រុកក្ដី ព្រះសង្ឃត្រេកអរក្រៃលែង។


            ឆ្នាំ១៩៥៤ លោកតា ហាស់ យាយ ម៉ន បានប្រគេនផ្ទះមួយខ្នងដើម្បីសាងសង់កុដិសំរាប់ព្រះសង្ឃ លោកគ្រូពិចារណាហើយសំរេចដាក់កុដិនេះឲ្យនៅខាងត្បូងព្រះវិហារធំ ដូច្នេះត្រូវរុះរើកុដិ យាយ ខៀវ ដែលចាស់ទ្រុឌទ្រោមចេញ


កុដិថ្មីនេះត្រូវបានសាង់សង់ក្នុងលំនាំពីរជាន់ ជញ្ជាំងឥដ្ឋទាំងអស់។ ចំណែកឯខ្សាច់ កំបោរ និងស៊ីម៉ង់នៅលើពុទ្ធបរិស័ទ។


            ឆ្នាំ១៩៥៤ លោកគ្រូអាចារ្យ ឡាន់ ប្រគេនផ្ទះមួយខ្នងទៀត។ លោកគ្រូចៅអធិការវត្តសំរេចព្រះទ័យដាក់នៅខាងកើតព្រះវិហារ ដើម្បីបានជាកន្លែងសំរាប់ចាស់ៗធ្វើសមាធិក្នុងអំឡុងចូលវស្សារៀងរាល់ឆ្នាំ។


ដូច្នេះត្រូវរំលីងគុម្ពឫស្សីលក និងដើមពង្រចោល។


            លោកគ្រូអាចារ្យ ឡាន់ ជាគ្រូបង្រៀនប្រែបាលីដល់ព្រះសង្ឃក្នុងសាសនមណ្ឌល។ បន្ទាប់ពីប្រគេនហើយ គាត់បានបួសក្នុងសំណាក់ព្រះពុទ្ធសាសនាក្នុងព័ទ្ធសីមាវត្តកណ្ដាល ហើយនិមន្តមកគង់នៅវត្តបាឡាត់រហូតដល់អស់ជីវិត។


            ឆ្នាំ​១៩៦០ នៅពេលរំលាយសពម្ដងៗ គេតែងសង្កេតឃើញសពអ្នកទីទ័លក្រមានសភាពមិនជាទីគយគន់ឡើយ ទើបចាស់ៗមួយចំនួនមាន លោកតា អ៊ិន សុន្ទរ៍ លោកតា បែន​សម លោកតា ជាង ឡាច និងលោកតា ស៊ិន​ថោង សំរេចសុំឲ្យលោកគ្រូសាងកន្លែងបូជាសពឲ្យបានសក្ដិសម ដល់អ្នកក្រីក្រផង។ ផ្នែកបច្ចេកទេសក្នុងការកសាងនៅលើលោកតា ជាង ឡាច ចំណែកលោកតា អ៊ិន សុន្ទ លោកតា ប៉ែន សម លោកតា ស៊ិន​ថោង ជាអ្នកផ្ដល់ជំនួយ និងឧបត្ថម្ភ។ ឈាបនដ្ឋានក៏បានសំរេចជាស្ថាពរក្នុងរយៈកាលតែមួយឆ្នាំតែប៉ុណ្ណោះ។ ឈាបនដ្ឋាននេះមានកំនើតមុនគេបង្អស់ក្នុងខេត្តបាត់ដំបង។


            ឆ្នាំ១៩៦៦ លោកគ្រូចៅអធិការ ស្រី ពេជ្រ បានឡើងឋានន្តរស័ក្ដិជាព្រះវិន័យធរខេត្តបាត់ដំបង។


            នៅពេលដែលប្រទេសកម្ពុជាបានទទួលឯករាជ្យចលនាសង្គមរាស្រ្តនិយមក៏បានប្រសូតចេញដោយស្នាព្រះហស្ថរបស់សម្ដេចព្រះឧបយុវរាជ។ ស្ថាប័នទាំងអស់របស់ជាតិក៏ត្រូវបានរៀបចំឲ្យបានប្រសើរនៅក្នុងនោះដែលផ្នែកវត្តអារាមរបស់ព្រះពុទ្ធសាសនាក៏ត្រូវបានបញ្ជាឲ្យរៀបចំឲ្យបានប្រសើរនៅក្នុងនោះដែរផ្នែកវត្តអារាមរបស់ព្រះពុទ្ធសាសនាក៏ត្រូវបានបញ្ជាឲ្យរៀបចំបានសក្ដិសមដោយសម្ដេចព្រះសង្ឃជួនណាត ជោតញ្ញាណោ បង្គាប់ឲ្យវត្តទូទាំងព្រះរាជាណាចក្រកម្ពុជាសូមអោយរៀបចំវត្តមានសភាពសក្ដិសមគឺឲ្យមានក្លោងទ្វារ និងរបងត្រឹមត្រូវ។ សាលាដែលចាស់ទ្រុឌទ្រោមនៅខាងមុខត្រូវរុះរើចេញ។


            នៅពេលនោះវត្តបាឡាត់ត្រូវបានលោកគ្រូចៅអធិការដឹកនាំឲ្យរុះរើក្លោងទ្វារចាស់នៅខាងមុខនិង របងចោលហើយសង់ក្លោងទ្វាថ្មប្រកបដោយរចនាបថជាវិមានឯករាជ្យ ៣តំរៀបគ្នា ឧបត្ថមដោយសមាគមម៉ាស៊ីនកិនស្រូវ សាម ហ៊ត ។ របងថ្មចំរឹងដែកប្រវែង ១៣០ម ចំនួន ៣៩ប្រលោះត្រូវបានឧបាសក​ ឧបាសិកាក្នុងនិងមូលដ្ឋានសាងសងរួចជាស្ថាពរដែរ។


                ឆ្នាំ ១៩៦៧-១៩៦៨ បានលុបស្រះនៅខាងជើងព្រះវិហារ ស្រះនោះមានបណ្ដោយវែងប្រវែងព្រះវិហារហើយបង្កើតអណ្ដូងយោងជាប់នឹងមាត់ស្រះខាងជើង ដើម្បីឲ្យភិក្ខុសាមណេក្នុងវត្តប្រើប្រាស់។ ដើម្បីសំរួលដល់ការចេញចូលរថយន្ត ទាក់ទងនឹងវត្ត ទើបលោកឯកភាពបើកផ្លូវនៅខាងជើងក្លោងទ្វារមួយទៀត។


            លោកគ្រូបានរៀបចំព្រះវិហារបន្តដោយរំកិលព្រះអង្គជីវ៍​ពីល្វែងមុខទៅកៀកជញ្ជាំងហើយស្ទូចឡើងអោយខ្ពស់ បន្ទាប់មកអោយជាងកែព្រះពុទ្ធរូបនោះព្រមទាំងបល្ល័ង្ក តាមរចនាបថថ្មី ឧបត្ថម្ភដោយលោកអ្នកឧកញ្ញ៉ា ផល្លាសម្បត្តិ អ៊ាប ហេវ ឧបាសិកា ប៊ូ មានទីលំនៅនៅ វត្តកណ្ដាល និងសមាគមពុទ្ធបរិស័ទទាំងអស់។


            លោកគ្រូបានវាយពិតានព្រះវិហារ ធ្វើសន្លឹកទ្វារនិងបង្អួចរៀបការ៉ូពណ័ក្រហម ស ខាងក្នុង និងចំហៀងខាងក្រៅ ហើយក្រាលឥដ្ឋតាន់ជុំវិញព្រះវិហារ ។


            នៅឆ្នាំ១៩៧០ ១៩៧៥  លោកបានសាងសងកុដិបីបន្ថែមទៀតដាក់នៅជួរខាងត្បូងបន្តពីកុដិថ្មខាងលិចដោយរើកុដិចាស់ចោល។ កុដិថ្មីទាំងបីនេះសង់ដូចៗគ្នា គឺកុដិនីមួយៗមានកំពស់ពីរជាន់ទំហំធំតូចជាងគ្នាបន្តិច។ ខាងលើសង់អំពីឈើប្រក់ក្បឿង ជញ្ជាំងក្ដារ ឯខាងក្រោមជញ្ជាំងថ្ម មានជណ្ដើរថ្មពីខាងមុខដូចៗគ្នា។ ហើយកុដិនីមួយៗមានដំបូលពីរតែឥតមានយ៉ទេ។ នៅខាងក្រោយមានផ្ទះបាយធ្វើអំពីឈើប្រក់ក្បឿងគ្រប់កុដិទាំងអស់។


            ថវិកាសាងសង់បានមកអំពីៈ


            – លោកឧកញ្ញាបំរុងរដ្ឋ សោ ហឺ ឧបាសិកា នេត យ៉ង់ នៅវត្តកណ្ដាល ។


            – លោកយាយ ឧបាសិកា ដិប នៅវត្តពោវាល ទីរួមខេត្តបាត់ដំបង ។


            – សមាគមពុទ្ធបរិស័ទនៅស្រុកបរប៉ៃលិន ខេត្តបាត់ដំបង (ព្រះតេជគុណព្រះនាម យ៉ិន និមន្តទៅឃោសនាប្រាក់កសាង)។


            – សមាគមពុទ្ធនៅខេត្តពោសាត់ (ព្រះតេជគុណព្រះនាម យឹម សឿម និមន្តទៅឃោសនាប្រាក់កសាង)។


            – សមាគមឥស្លាម ភូមិជ្វាធំ ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។


            – ពុទ្ធបរិស័ទចំនុះជើងវត្តបាឡាត់ វត្តតាប៉ុន ។


កុដិទាំងបីខ្នងនេះសង់ហើយនៅឆ្នាំ ១៩៧៥ ធ្វើបុណ្យឆ្លងរួច របបវាលពិឃាតចូលត្រួតត្រាកម្ពុជា។


ស្ថានភាពវត្តបាឡាត់ ពីឆ្នាំ ១៩៧៥-១៩៧៩


            លោកគ្រូចៅអធិការ និងភិក្ខុសាមណេរ លាចាកសិក្ខាបទហើយចេញទៅស្នាក់នៅជាមួយប្រជាជនតាមកង។ វត្តបាឡាត់ត្រូវក្ដោបក្ដាប់ដោយពាណិជតំបន់។ សំភារៈរបស់វត្តមួយចំនួនធំ ត្រូវគេដឹកចេញតាមរថយន្តទៅទុកនៅឃ្លាំងបដិវត្ត វត្តតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ជាកន្លែងដែលគេរំដោះបានមុនគេ


                – ជុំវិញព្រះវិហារ គេចិញ្ជឹមជ្រូករាប់សិបក្បាល


            – សាលាបាយខាងជើង ជាកន្លែងចុងភៅរបស់ពាណិជតំបន់


            – សាលាបុណ្យខាងត្បូងជាកន្លែងពួកនារីដេរសំលៀកបំពាក់ ផ្នែកខាងលិចតាមចំរៀងគេឲ្យប្រជាជនរែងព្រួល។ ព្រួលដែលរែងរួចគេយកទៅគរនៅខាងក្នុងព្រះវិហារមុខព្រះពុទ្ធរូប។


            – កុដិទាំងបួននៅខាងត្បូងជាកន្លែងដាក់អាវុធយោធា


            – កុដិធំបុរាណមួយខ្នង កុដិទាំបខាងកើតពីរខ្នង សាលាសំណាក់សពមួយខ្នង


ផ្ទះបាយបួនខ្នងនៅក្រោយកុដិថ្មី ចេតិយបូរាណធំបួននៅតាមជ្រុងព្រះវិហារគេកំទេចចោលទាំងអស់។


            លោកគ្រូ ស្រី ពេជ្រ បន្ទាប់ពីលាចាកសិក្ខាបទហើយ អង្គការចាត់តាំងឲ្យមានគ្រួសារហើយឲ្យចូលបំរើការសង្គមកិច្ចភូមិ ជាមួយនិងចាស់ៗមួយចំនួនទៀត។ លោកគ្រូបានទទួលអនិច្ចកម្មនៅពាក់កណ្ដាលឆ្នាំ ១៩៧៨ ដោយរោគាពាធ។ សពរបស់គាត់ត្រូវបានគេអនុញ្ញាតឲ្យយកមកកប់នៅវត្តបាឡាត់។


ក្រោយថ្ងៃរំដោះថ្ងៃ ៧ មករា ១៩៧៩ ដល់បច្ចុប្បន្ន


            វត្តបាឡាត់ជាទីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ប្រជាជន និងសាលារៀន ។ ប្រជាជនស្នាក់នៅតាមកុដិខ្លះ នៅច្រើនជាងគេគឺសាលាបាយ។


            ក្នុងពេលនោះទីចាត់ការឃុំក៏នៅក្នុងវត្ត ទីចាត់ការសាលារៀនក៏នៅក្នុងវត្ត ថ្នាក់រៀនចំនួនប្រាំពីក៏នៅក្នុងវត្តដែល គឺតាមកុដិខ្លះនៅតាមសាលាឆាន់ខ្លះ។ ចំនែកឯប្រជាជនមិនស្នាក់នៅយូរទេនៅគេធ្វើដំណើរជាបន្តៗ។ ក្នុងពេលនោះគណៈកម្មការឃុំបានចាត់តាំងលោក កែវ ភាច ដែលជាអតីតអាចារ្យចូលទៅគ្រប់គ្រងវត្តឲ្យចូលទៅនៅគ្រប់គ្រងវត្តជាមួយនឹងលោកអ្នកចេះធម៌អាថ៌មួយចំនួនមានលោកគ្រូអាចារ្យ ប្រាក់ ព្រុំ លោកអាចារ្យលោកអាចារ្យ យ៉ែម ជុំ និងលោក មិនឃឿត ។


            ដោយមើលឃើញការលំបាករបស់សិស្ស គណៈកម្មការ ឃុំបានឯកភាពឲ្យរុះរើសង្គមកិច្ច ប៉ុល ពត មករៀបចំធ្វើសាលារៀនមួយខ្នងនៅវត្តបាឡាត់ព្រមទាំងសម្ភារៈបង្រៀនផង ។ សាលានោះអាចទទួលសិស្សឲ្យចូលរៀនបានចំនួន៣ថ្នាក់។


            នៅឆ្នាំ១៩៨១ រណសិស្សការពារនិង កសាងមាតុភូមិកម្ពុជាបានបើកទូលាយឲ្យមានព្រះពុទ្ធសាសនាឡើងវិញ គឺអនុញ្ញាតឲ្យចាស់ៗដែលប្រាថ្នាចង់បួសបាន។ លោកតាកែវ ភាច ក៏ស្ម័គ្រចិត្តបួស។


            លោកតា កែវ ភាច បានបំពេញឧនសម្បទានជាភិក្ខុដោយមានព្រះឧបជ្ឈាយ៍បភន្ទោ ធឹម ប៉ក់ លោកគ្រូ ញាណសំវរោ ឡយ លឿង និង លោកគ្រូ ឈុន សេងជា សម្បទារចារ្យ៍ មានបព្វជិតនាមថា ឥន្ទវង្សោ​ក្នុងជន្មាយុ ៦៦ព្រះវស្សា ក្នុងពទ្ធសីមា វត្តពិពិទ្ធារាម ក្នុងឆ្នាំ១៩៨១។


            មិនយូរប៉ុន្មានព្រះតេជគុណ កែវ​ ភាច ត្រូវាបានគណៈសង្ឃខេត្តតែងតាំងជាអនុគណស្រុកសង្កែខេត្តបាត់ដំបងផង និងជាចៅអធិការវត្តបាឡាត់ផង។ ដូច្នេះវត្តបាឡាត់ត្រូវបានរៀបចំបន្តដោយស្នាព្រះហព្រះគ្រូអនុគុណ។ ដើម្បីឲ្យមានភាពឯករាជ្យ ហើយសាលារៀនមានទីតាំងត្រឹមត្រូវ វត្តបានឯកភាពកាត់ដែលជួលឲ្យម៉ាស៊ីនយ៉ុង ហេងសេង ទៅឲ្យជាកម្មសិទ្ធរបស់សាលារៀនដើម្បីសាងសង់អគារសិក្សាសំរាប់សិស្សរៀនចំនួន៧ថ្នាក់។ មិនតែប៉ុណ្ណោះវត្តខិតខំប្រមែប្រមូលសំនងដែលគេកសាងក្នុងសម័យបដិវត្តនោះយកមកសាសងអគារសិក្សានៅលើដីខាងត្បូងវត្តចំនួន៣ថ្នាក់ ក្នុងនោះនៅខ្វះ៤បន្ទប់ទៀតទើបធានាវត្តមាននៃសិស្សនៅឃុំនរាផង សិស្សមកពីទីរួមខេត្តផង។


            មន្ទីអប់រំខេត្តបានដាក់កិច្ចសន្យាថា ប្រសិនបើមានដីគេនឹងសាងសង់សាលាមួយខ្នងឲ្យមូលដ្ឋានបាឡាត់នេះបន្ថែមទៀត។ ក្នុងពេលនោះវត្តក៏បានឯកភាពកាត់ដីមួយចំរៀកខាងជើងបន្ថែមទៀតដោយកាប់ដូងក្រមុំចំនួន៥ដើមចោល។


            ប៉ុន្មានខែក្រោយមកសាលារៀនមួយខ្នងមានលំនាំតាមនិយាយគរុកោសល្យក៏បានផុសឡើងត្រដែតនៅលើដីនោះ ព្រមទាំងសម្ភារៈបង្រៀនមួយចំនួនទៀតផង។


            ពីឆ្នាំ ១៩៧៥-២០០០​ លោកគ្រូអនុគណកែវ ភាច បាន


ជួសជុលដំបូលព្រះវិហារទាំងក្រៅ ទាំងក្នុង

គូព្រះពុទ្ធរូបតាមជញ្ជាំងព្រះវិហារខាងក្នុង (ពុទ្ធប្រវត្តិ)

រុះរើខឿនចាស់គ្រាំគ្រាចេញ កសាងខឿនថ្មី និងចាក់សាបជុំវិញ

កសាងពិតានរបៀងព្រះវិហារ

កសាងផ្ទះបាយនៅខាងត្បូងកុដិ

កសាងទូសំរាប់ដាក់ចាន ឆ្នាំង របស់វត្ត

កសាងសួនច្បារខាងមុខ មានរូបនាគព័ទ្ធទ្រអំពូលភ្លើង ហើយមានរបងដែកព័ទ្ធជុំវិញទាំងសងខាង។

កសាងបាសាំងទឹកទំហំ​៥.៥០ម *៤ម ជំរៅ១ម៉ែត្រសំរាប់ត្រងទឹកភ្លៀងដែលហូរធ្លាក់ពីសាលាប្រជុំបុណ្យ។ បាសាំងទឹកនោះមានរូបរាងសុវណ្ណមច្ឆាអង្គុយនៅចំកណ្ដាលហើយមានដាំព្រលិតលំអ។

សង់កុដិមួយខ្នង អំណោយរបស់លោក ឌុក ឈឿប និងលោកគ្រូ ឌុក ឆាយ​ មានទំហំ ៩ម*៥ម កុដិនោះធ្វើពីឈើប្រក់ក្បឿង ឥតមានជញ្ជាំងទេ។ វត្តទិញក្ដារវាយជញ្ជាំងនិងពិតានរបៀងមុខសង់ខ្ពស់ផុតពីដី នោខាងក្រោមលោកគ្រូ ឌុក ឆាយ ទិញការ៉ូក្រាលពេញទាំងអស់។

រំកិលកុដិលោកតា ឡាន់ ឲ្យផុតទៅខាងជើងជិតមាត់ស្រះ ហើយចាក់សាបនៅក្រោមកុដិ ដាក់ជើងម៉ាសំរាប់ភិក្ខុ សាមណេររៀនធម្មវិន័យ។

កសាងជណ្ដើរចុះស្រះធ្វើពីបេតុងអារម៉េមានទទឹង ១.៥០ម មានចំនួន១២កាំ

ទិញដីស្រែទំហំ ២២៤០០ម៉ែត្រការេ នៅភូមិវល្លិប្រេង ដាក់ជាសម្បតិ្តវត្ត សំរាប់យកផលស្រូវចិញ្ចឹមព្រះសង្ឃក្នុងវត្ត។

កសាងផ្លូវឆ្លងអូរខាងត្បូងវត្ត ដោយដាក់លូធំ

កសាងផ្លូវឆ្លងអូរមុខវត្ត ដោយដាក់លូធុនកណ្ដាល

កសាងរបងវត្តខាងត្បូង ខាងកើត និងខាងជើង

កសាងបង្គន់អោយមត្តេយ្យ និងបាសាំងទឹកសំរាប់ដាក់៣ថ្នាក់

កសាងបល្ល័ង្កព្រះខាងក្នុងសាលាបុណ្យនិងខាងក្រៅ

ចូលរួមសាងសង់បង្គន់បីបន្ទប់ឲ្យសិស្សសាលាបឋមសិក្សាបាឡាត់

កសាងទ្វារដែកពីរវង់ដាក់ផ្លូវចេញចូលខាងមុខ

តដំបូលសំយាបសាលាខាងជើង

បិទការ៉ូជញ្ជាំងព្រះវិហារត្រង់កន្លែងផ្អែក

កសាងសាលាបុណ្យនៅចំកណ្ដាលសាលាទាំងពីរ

កសាងផ្លូវចូលវត្តពីខាងកើត ព្រមទាំងទ្វារតូចធំ

ពីឆ្នាំ ២០០១-២០០៨


ព្រះអង្គ សៀង សាន ចៅអធិការទី១២


            – ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ១៩៧១


            – ទីកន្លែងកំណើត ភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល


            – បិតានាម អ៊ុក អ៊ួន មាតានាម សៀង មឿន ជាកសិករ


            ព្រះអង្គត្រូវបានព្រះតេជគុណ អ៊ុក មុត មេគណខេត្តបាត់ដំបងតែងតាំងជាចៅអធិការវត្តបាឡាត់ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០០១


            ស្នាព្រះហស្ថរបស់ព្រះអង្គមាន


ប្រលាយទឹកបង្ហូរចេញពីវត្ត ខាងត្បូងប្រវែង៦៦ម ខាងជើង ប្រវែង១៩៤ម

ខឿនវត្តធ្វើពីថ្ម ខាងជើងប្រវែង២០៤ម ខាងកើតប្រវែង ១៣០ម និងខាងត្បូងប្រវែង៧៦ម

កសាងបាសាំងទឹកចំនុះ ១៣ម៉ែត្រគូប មានបន្ទប់៦ បង្គន់៤ បន្ទប់ទឹក២

កសាងបណ្ណាល័យទំហំ ៨ម*៨ម ធ្វើពីថ្ម កំពស់មួយជាន់

កសាងឈាបនដ្ឋានមានលក្ខណៈពីជាន់ ខាងលើមានបន្ទាប់៤ ខាងក្រោមមានបន្ទាប់៤

សង់ប្រាង្គមានកំពស់ពីជាន់ សំរាប់បញ្ចុះធាតុលោកគ្រូចៅអធិការវត្ត មាន២បន្ទប់សំរាប់ព្រះសង្ឃគង់នៅ

កសាងទ្វាររុញ២វង់សំរាប់ផ្លូវចេញចូលខាងលិច ធ្វើពីដែកអ៊ីណុក

កសាងបន្ទប់ទឹកផ្នែកខាងត្បូងមាន៤បន្ទប់ គឺបន្ទប់ទឹក២ និងបង្គន់២

កសាងឃ្លាំងសំរាប់ដាក់សម្ភារៈរបស់វត្ត ធ្វើពីថ្មប្រក់ស័ង្កសី មានទំហំ ២០ម*៨ម។

0 comments:

Enregistrer un commentaire