ជាការពិតណាស់ ពីរ៉ាមីតត្រូវបានកំណត់ថា ជារចនាសម្ព័ន្ធបីវិមាត្រដែលគ្របដណ្ដប់ពហុកោណ។ គ្រប់ជ្រុងនៃរចនាសម្ព័ន្ធនេះ ត្រូវបានភ្ជាប់ទៅកំពូលតែមួយ ដែលធ្វើឱ្យវាលេចចេញជារូបរាងប្លែកៗ។ នៅលើពិភពលោកយើងនេះ មានប្រទេសជាច្រើនមានប្រាសាទពីរ៉ាមីត ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក។ ជាមួយគ្នានេះ ពីរ៉ាមីតទាំងនោះត្រូវបានកសាង និងរចនាឡើងដោយស្តេច អ្នកគ្រប់គ្រងនគរ ឬបុព្វបុរសជំនាន់មុនក្នុងគោលបំណង និងហេតុផលផ្សេងៗគ្នា ជាពិសេស បានបន្សល់ទុកជាកេរ្តិ៍តំណែលសម្រាប់កូនចៅជំនាន់ក្រោយ និងតំណាងឱ្យអត្តសញ្ញាណជាតិទាំងមូលរបស់ពួកគេតែរៀងៗខ្លួន...។
តើប្រទេសណាខ្លះដែលមានសំណង់ប្រសាទពីរ៉ាមីតល្បីល្បាញបំផុតក្នុងលោក ទន្ទឹមនឹងប្រទេសកម្ពុជា មានប្រាសាទរាងពីរ៉ាមីតផងដែរនោះ? យើងខ្ញុំនឹងនាំអារម្មណ៍របស់លោកអ្នកទៅស្គាល់ភាពអស្ចារ្យនៃប្រទេសមានពីរ៉ាមីតនៅលើផែនដីនេះ។
ទី១. ប្រទេសកម្ពុជា៖ ប្រាសាទធំមួយ ដែលស្ថិតនៅរមណីដ្ឋានលិង្គបុរៈ ឬប្រាសាទកោះកេរ ត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍ មានប្រាំពីរជាន់ និងមានកម្ពស់ប្រហែល៣៥ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ រមណីដ្ឋានប្រាសាទកោះកេរនេះ បានលាតសន្ធឹងនៅលើផ្ទៃដីប្រមាណ៨ពាន់ហិកតា មានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំជាងគេមួយ ត្រូវបានគេកំណត់លក្ខណៈដោយសំណង់ពីរ៉ាមីតធំៗ ប៉មខ្ពស់ៗ និងមានចម្លាក់ថ្មភក់ដ៏ប្រណិត។ សូមរំឭកថា កោះកេរជាអតីតរាជធានីរបស់ខ្មែរ ក្នុងសតវត្សរ៍ទី១០ មានអាយុកាលជាង១សហវត្សរ៍មកហើយ ត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្ដូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ ឬឆោកគគីរ(ឆោកគគ្យ៌រ)។ ជាការអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ រួមជាមួយប្រសាទដែលមានរាងពីរ៉ាមីតនៅកម្ពុជានេះ ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ។
ទី២. ប្រទេសអេហ្ស៊ីប៖ ពីរ៉ាមីតជីហ្សា Great Pyramid of Giza៖ គឺជាសំណង់ពីរ៉ាមីតដ៏ល្បីល្បាញ និងទាក់ទាញបំផុតមួយនៅក្នុងពិភពលោក។ វាមានទីតាំងនៅទីក្រុងជីហ្សា ជាយរដ្ឋធានីក្រុងគែរ ប្រទេសអេហ្ស៊ីប វាជាពីរ៉ាមីតដ៏ធំបំផុត និងមានលក្ខណៈស្មុគស្មាញជាខ្លាំង ជាពិសេសវាជាអច្ឆរិយៈវត្ថុទាំងប្រាំពីរនៃពិភពលោក។ សំណង់អច្ឆរិយៈនេះ សាងសង់ឡើងនៅប្រហែលឆ្នាំ២៥៦០ មុនគ.ស ដែលត្រូវបានសាងសង់ឡើង ដើម្បីធ្វើជាផ្នូរតម្កល់ព្រះសពរបស់ព្រះចៅ Pharaoh Khufu ដែលជាស្ដេចសោយរាជ្យក្នុងរាជវង្សទីបួន។ ពីរ៉ាមីតនេះទៀតសោត មានកម្ពស់ប្រហែល១៣៨,៨ម៉ែត្រ និងជាសំណង់បុរាណខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ វាត្រូវបានរចនាឡើងដោយថ្មប្រហែល ២,៣លានដុំ ក្នុង១ដុំៗមានទម្ងន់ជាមធ្យម២,៥តោន។ វាត្រូវបានកសាងឡើងនៅប្រហែលចន្លោះឆ្នាំ ២៥៨០-២៥៦០មុនគ.ស។ អច្ឆរិយៈវត្ថុនេះ បានទាក់ទាញអ្នកទស្សនារាប់លាននាក់មកពីជុំវិញផែនដី ជារៀងរាល់ឆ្នាំ ហើយវាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ១៩៧៩។
ទី៣. ប្រទេសម៉ិកស៊ិក៖ ពីរ៉ាមីត El Castillo គឺជាពីរ៉ាមីតដ៏ល្បីល្បាញបំផុតមួយ ដែលមានទីតាំងស្ថិតនៅប្រទេសម៉ិកស៊ិក។ វាត្រូវបានកសាងឡើងក្នុងកំលុងសម័យបុរាណចុងអរិយធម៌ម៉ាយ៉ាន នៅចន្លោះសតវត្សទី៩ និងទី១២នៃគ.ស។ ពីរ៉ាមីត El Castillo ក៏ស្ថិតក្នុងចំណោមអច្ឆរិយៈវត្ថុទាំងប្រាំពីរនៃពិភពលោកផងដែរ។ វាមានភាពល្បីល្បាញដោយសារស្ថាបត្យកម្មតែមួយគត់ និងភាពជាក់លាក់ផ្នែកគណិតវិទ្យា។ ជាក់ស្តែង ពីរ៉ាមីតនេះមានកម្ពស់ប្រហែល៣០ម៉ែត្រ និងមានផ្ទៃរាបស្មើជាបន្តបន្ទាប់ ដែលមានជណ្តើរកណ្តាលនៅសងខាង រហូតដល់រចនាសម្ព័ន្ធប្រាសាទនៅលើកំពូល។ ពីរ៉ាមីតនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះពស់ Kukulcan និងជាតំណាងនៃអរិយធម៌ម៉ាយ៉ាន និងការយល់ដឹងកម្រិតខ្ពស់នៃតារាសាស្ត្រ។ ពីរ៉ាមីតនេះមានលក្ខណៈពិសេសណាស់ស្រមោលដែលចេញពីជ្រុងនៃពីរ៉ាមីត គឺស្រដៀងនឹងសត្វពស់វារចុះតាមជណ្តើរ និងតារាសាស្ត្រដ៏សម្បូរបែបនៃអរិយធម៌ម៉ាយ៉ានបុរាណ ដែលបង្កើតបានជាទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញអ្នកទស្សនាជាច្រើន។ អច្ឆរិយៈវត្ថុនេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ១៩៨៨។
ទី៤. ប្រទេសចិន៖ ពីរ៉ាមីតឈិន ស៊ីហ៊ួង Qin Shi Mausoleum ឬ Qin Shi Huang មានទីតាំងនៅជិតទីក្រុងសៀន (Xi'an) ក្នុងខេត្តសានហ្ស៊ី (Shaanxi) នៃប្រទេសចិន។ ប្រាសាទពីរ៉ាមីតនេះកសាងឡើងនៅលើផ្ទៃដីប្រមាណ២,១៨គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល៧៦ម៉ែត្រ ដើម្បីជាផ្នូរតម្កល់សពរបស់អធិរាជឈិន ស៊ីហ៊ួង នៃរាជវង្សឈីង ដែលបានគ្រប់គ្រងប្រទេសចិន នៅចន្លោះឆ្នាំ២២១ ដល់ឆ្នាំ២១០ មុនគ.ស។ ហើយវាត្រូវបានសាងសង់ឡើងដោយចំណាយពេលជាង៣៨ឆ្នាំ នៅប្រហែលចន្លោះឆ្នាំ២៤៦ ដល់២០៨មុនគ.ស។ ផ្នូរពីរ៉ាមីតនេះ ភាគច្រើនកសាងពីដីឥដ្ឋ។ ពីរ៉ាមីតដែលជាផ្នូរសពរបស់អធិរាជឈិន ស៊ីហ៊ួង នេះស្ថិតនៅជ្រៅ ដោយមានបន្ទប់ស្មុគស្មាញ និងផ្លូវឆ្លងកាត់ខ្វាត់ខ្វែងមុននាំទៅដល់កន្លែងបញ្ចុះសពរបស់អធិរាជ។ ពីរ៉ាមីតនេះ ត្រូវគេជឿថាមានកំណប់ និងវត្ថុបុរាណជាច្រើន ហើយមានអន្ទាក់ និងគន្លឹះយន្តជាច្រើនដើម្បីរារាំងចោរចូលលួច។ យ៉ាងណាពីរ៉ាមីតដ៏អាថកម្បាំងនេះ មិនទាន់ត្រូវបានចុះបញ្ជីក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឡើយទេ។
ទី៥. ប្រទេសឥណ្ឌូណេស៊ី៖ ពីរ៉ាមីត Candi Sukuh គឺជារចនាសម្ព័ន្ធតែមួយគត់ និងអស្ចារ្យបំផុតដែលមានទីតាំងនៅកណ្តាលកោះជ្វា នៃប្រទេសឥណ្ឌូណេស៊ី។ វាឈរសំកាំងលើជម្រាលភាគខាងលិចនៃភ្នំឡាវូ (Lawu) ហើយមានអាយុកាលតាំងពីសតវត្សទី១៥។ ស្ថាបត្យកម្ម និងការរចនានៃពីរ៉ាមីត Candi Sukuh ពិតជាមានភាពទាក់ទាញណាស់ មិនដូចប្រាសាទពីរ៉ាមីតរបស់ជនជាតិម៉ាយ៉ាននៅម៉ិកស៊ិក ឬជនជាតិអេហ្ស៊ីបទេ។ ពីរ៉ាមីតនេះធ្វើពីថ្ម ហើយត្រូវបានតុបតែងដោយសិល្បៈ ចម្លាក់ និងក្បូរក្បាច់រចនាយ៉ាងល្អប្រណិត។ រីឯចម្លាក់មានភាពប្លែកៗ និងស្មុគ្រស្មាញជាច្រើន ដែលពណ៌នាអំពីរឿងទេវកថារបស់សាសនាហិណ្ឌូ និងលាយឡំជាមួយពុទ្ធសាសនាផងដែរ។ ពីរ៉ាមីតនេះកសាងឡើងដើម្បីជាកន្លែងសក្ការៈបូជា ធ្វើពិធីសាសនា ឬជាកន្លែងសង្កេតតារាសាស្ត្រជាដើម។ ប្រាសាទពីរ៉ាមីត Candi Sukuh ត្រូវបានបញ្ជូនទៅអង្គការយូណេស្កូជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩៥។
ទី៦៖ ពីរ៉ាមីត Nubian នៃប្រទេសស៊ូដង់ គឺមានទីតាំងនៅភាគខាងជើងនៃប្រទេសស៊ូដង់ ក្នុងតំបន់ Napata, Meroe និង Begrawiya។ ពីរ៉ាមីតទាំងនោះត្រូវបានសាងសង់ឡើងនៅចន្លោះប្រហែលឆ្នាំ៨០០មុនគ.ស. ដល់ឆ្នាំ៣៥០នៃគ.ស។ ស្ថាបត្យកម្ម និងការរចនារបស់ពីរ៉ាមីត Nubian នេះ មានលក្ខណៈស្រដៀងទៅនឹងពីរ៉ាមីត Great Pyramid of Giza របស់ប្រទេសអេហ្ស៊ីបដែរ ប៉ុន្តែវាមានទំហំតូចជាង និងមានមុំចោតជាង។ ពីរ៉ាមីតទាំងនោះត្រូវបានសាងសង់ឡើង ដើម្បីជាផ្នូរសម្រាប់អ្នកគ្រប់គ្រង និងវរជននៃសង្គមសម័យនោះ ដូចជាស្ដេច ព្រះមហាក្សត្រិយានី និងមន្ត្រីសំខាន់ៗជាដើម។ ប្រាសាទពីរ៉ាមីត Nubian ដ៏លេចធ្លោនោះ ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ២០១១។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈបណ្តុំប្រសាទពីរ៉ាមីតនេះ បាននឹងកំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់ភ្ញៀវ៕
ប្រភព៖ការចុះផ្សាយរបស់SBM News



0 comments:
Enregistrer un commentaire