💡វិភាគសុភាសិតខ្មែរ «បើឃើញឈើពុកកុំដើរកន្លង អាសូរឈើផងទុកដុតចន្លុះ»។
ឈ្វេងយល់ពាក្យថា “ចន្លុះ” ជាមុនសិន៖
ចន្លុះសម្រាប់បំភ្លឺសម័យបុរាណ គេធ្វើពីស្លឹកព្រាលនិងជ័រទឹក តែតាមស្ថានភាពខ្លះក៏អាចយកឈើពុកមកដំកម្ទេចសាច់វា ហើយលាយនឹងជ័រទឹកដើម្បីដុតបំភ្លឺបានដែរ ដូច្នេះសូមបកស្រាយពាក្យថា ដុតភ្លើងចន្លុះជាមុនសិនទើបងាយយល់។
ការដុតចន្លុះ៖
ចន្លុះជាឧបករណ៍សម្រាប់បំភ្លឺទីងងឹត ប្រៀបធៀបមកការឆ្លុះបង្ហាញពីចំណេះដឹង ការបង្រៀនឱ្យចេះ ការប្រាប់ឱ្យដឹង និងការផ្សព្វផ្សាយចំណេះដឹងផ្សេងៗ កាលណាបានចេះបានដឹងបានយល់ ស្មើនឹងលែងងងឹតហើយ គឺភ្លឺហើយ នេះជាអត្ថន័យពាក្យថា «ដុតចន្លុះ»។
ឃ្លាថា “បើឃើញឈើពុកកុំដើរកន្លង”
ឈើពុក ជាប្រភេទឈើចាស់ ឬឈើងាប់ ដោយងាប់យូរទៅក៏មានសភាពពុក ដោយអាយុច្រើនពេកទៅក៏មានសភាពពុក។ បែបនេះលោកប្រៀបធៀបមក ចាស់ៗ តាដូនយាយដូន ចាស់ព្រឹទ្ធាចារ្យ ភាគច្រើនគាត់មានសភាពដើរញីញ័រ ដើរកាន់ឈើច្រត់ ឬហៅថាជរា។ អត្ថន័យចង់ប្រាប់ថា បើឃើញចាស់ព្រឹទ្ធាចារ្យកុំដើរកន្លង ពាក្យថាដើរកន្លងក្នុងឃ្លានេះ ប្រៀបធៀបមកការមើលរំលង ការមិនឱ្យតម្លៃ បែបនេះលោកប្រាប់ថាកុំមើលរំលងគាត់ អាសូរគាត់ផងទុកដុតចន្លុះ ឬទុកចងចន្លុះ។
ពាក្យថាទុកគាត់គ្រាន់នឹងដុតចន្លុះនេះ គឺស្មើនឹងការទុកគាត់ជាគ្រូរបស់ពួកយើង ចង់ដឹងពីអី ឆ្ងល់ពីអី សាច់ការរាក់ជ្រៅយ៉ាងម៉េច គឺចាស់ព្រឹទ្ធាចារ្យនេះហើយគាត់អាចជួយបំភ្លឺយើងបាន។ ព្រោះគាត់ធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើន ធ្លាប់ឃើញច្រើនជាងយើង ធ្លាប់ស្ដាប់ឮច្រើនជាងយើង និងធ្លាប់ពាល់ច្រើនជាងយើង។
បទពិសោធរបស់គាត់នេះហើយស្មើនឹងភ្លើងចន្លុះបំភ្លឺពួកយើង បំភ្លឺឱ្យចេះ ឱ្យដឹង និងឱ្យយល់ “ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់ ឬក្មេងដើរលឿននិងដើរបានឆ្ងាយ តែចាស់ស្គាល់ផ្លូវ” នេះហើយហៅថា «បើឃើញឈើពុកកុំដើរកន្លង អាសូរឈើផងគ្រាន់ដុតចន្លុះ»។
អត្ថបទវិភាគ៖ ណាវ៉ាត់- satra kh
#បកស្រាយសុភាសិតបុរាណខ្មែរ #សុភាសិតកាព្យខ្មែរ #ណាវ៉ាត់satrakh #ការអប់រំ #ចំណេះវិជ្ជា

0 comments:
Enregistrer un commentaire