samedi 20 septembre 2025


 🍃ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋខ្មែរ 🇰🇭

ក្នុង​ជំពូកទី៣ ត្រង់​មាត្រា​៤៣ នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​បាន​ចែង​ថា «ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ»។


ហេតុ​អ្វី​បាន​ជា​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ​យើង​លើក​តម្កើង​ពុទ្ធសាសនា​ទុក​ក្នុង​ច្បាប់​រដ្ឋ ជា​ទី​គោរព​សក្ការៈ​ដូច្នេះ ? តើ​ព្រះពុទ្ធ​សាសនា​មាន​​គុណូបការៈ​យ៉ាង​ណា​ខ្លះ​ចំពោះ​ប្រទេស​កម្ពុជា?


បញ្ហា​នេះ​យើងអាច​ឆ្លើយ​បាន​គ្រប់​គ្នា តាម​ការ​គិត​ឃើញ​រៀងៗ​ខ្លួន​ឥត​ទើស​ទាល់​ឡើយ ។ ប៉ុន្តែ​ត្រង់​ចំណុច​គុណូបការៈ​យ៉ាង​សំខាន់​របស់​ពុទ្ធសាសនា​ដែល​មាន​ពិត​ប្រាកដ​ចំពោះ​ប្រទេស​កម្ពុជា​នោះ​ប្រហែល​ឆ្លើយ​មិន​ត្រូវ​សព្វ​គ្រប់​ទេ ព្រោះ​ត្រង់​ចំណុច​ខ្លះ បើ​មិន​បាន​គិត​ឲ្យ​ដិតដល់ ហាក់​ដូច​ជា​គ្មាន​វិស័យ​ពុទ្ធសាសនា​ជួយ​ទ្រទ្រង់​ផង​ឡើយ។


ឯ​ចំណុច​សំខាន់​នៃ​គុណូបការៈ​ព្រះពុទ្ធសាសនា​ចំពោះ​ប្រទេស​កម្ពុជា​នោះ បើ​បំព្រួញ​ឲ្យ​ខ្លី​មាន ៣ គឺ៖


១.» ព្រះពុទ្ធ​សាសនា​ជា​មូលដ្ឋាន (Base) នៃ​ការ​ចាប់​ផ្ដើម​ស្ថាប័ន​ជាតិ​ខ្មែរ​តាំង​ពី​មុន​គ្រិស្តសតវត្សរ៍ ៣០០​ឆ្នាំ ដរាប​បាន​កើត​ជា​អារ្យជាតិ​វិសេស​មួយ​ក្នុង​លោក។


២.» ព្រះពុទ្ធសាសនា​ជា​ប្រភព (Source) នៃ​ការ​រចនា​ភាសាខ្មែរ​ឲ្យ​រីក​ដុះដាល កើត​ជា​ភាសា​មួយ​ក្នុង​លោក​ប្រកប​ដោយ​អង្គ​បី។


៣.» ព្រះពុទ្ធសាសនា​ជា​ធានី(Capitale) ជា​ទីជម្រក​ធំ នៃ​អក្សរសាស្ត្រ​ខ្មែរ ។ ដោយ​គុណបំណាច់​នេះ ទើប​អក្សរសាស្ត្រ​ខ្មែរ​បាន​ប្រកាស​រំលឹក​គុណ​ពុទ្ធសាសនា​នៅ​ខាង​ដើមក្បួន​របស់​ខ្លួន​ថា «នមោ ពុទ្ធាយ សិទ្ធំ» វិសេស​ប្លែក​ជាង​អក្សរសាស្ត្រ​នានា​ក្នុង​លោក។


🍃ឯអង្គ ៣ របស់​ភាសាខ្មែរ​នោះ​គឺ៖


១.» សូរសាស្ត្រ (Phon​​étique) ក្បួន​ប្រើ​ខ្យល់​សំឡេង​ឲ្យ​លាន់​ឡើង មាន​ន័យច្បាស់លាស់​ធំ​ទូឡាយ​ឥត​ទើសទាល់​សូរសាស្ត្រ​ភាសា​ខ្មែរ​មាន​ឥទ្ធិពល​ជាង​គេ​ក្នុង​លោក អាច​ថា ត្រាប់​តាមភាសា​នានា​ក្នុង​លោក​បាន​ដូច​សុទ្ធៗ ។ ចំណែក​ខាង​អក្សរសាស្ត្រ​ខ្មែរ​វិញ ក៏​អាច​សរសេរ​តាម​សូរស័ព្ទ​ភាសា​នានា​ក្នុង​លោក​បាន​ដូច​ពិតៗ​ឥត​ទើសទាល់​ដែរ ដូចជា ហ្វ្រង្ក ដឺហ្គោល អុក្សីហ្សែន ជាដើម។


២.» រូបសាស្ត្រ (Morphologie) ក្បួន​ចែក​ទី​ទម្រង់​ពាក្យ និង​ការ​បញ្ចេញ​ពាក្យ​ឲ្យ​មាន​រូប​តៗ​គ្នា​ទៀត​បាន ។ ភាសា​ខ្មែរ​ជា​ភាសា​មាន​រូប​រស់​រវើក​មិន​ស្លាប់​គាំង​នៅ​មួយ​កន្លែង​ឡើយ​ដូច​ពាក្យ​ថា កល់ ចេញ​ទៅជា កំណល់ ជា​ ខ្នល់ កាន់ កំណាន់ ខ្មាន់ កើត​ កំណើត ខ្នើត ។ល។


៣.» និយន្តសាស្ត្រ(Sémantique) ក្បួន​វាក្យស័ព្ទ​និយាយ​ពី​ន័យ​របស់​ពាក្យ និង​ការ​ប្រែប្រួល​ន័យ ។ និយន្តសាស្ត្រ​ខ្មែរ​មាន​ច្រើន​បែប​គឺ៖

ក. ពាក្យ​ដូច​គ្នា​មាន​ន័យ​ផ្សេង​គ្នា ដូចជា សាប (នាម) គ្រឿង​នេសាទុបករណ៍​ម្យ៉ាង ពួកទ្រូ លប លាយ សាប (គុណនាម) ដែល​ផ្ទុយ​ពី​ប្រែ សាប (កិរិយា) សាបព្រោះ​បណ្ដុះ​ដាំ ។ល។ ម្យ៉ាងទៀត​ពាក្យ​និយាយ​ឮ​ដូច​គ្នា​តែ​មាន​ន័យ​ផ្សេង​គ្នា តាម​អក្សរ តាម​ដំណើរ​សេចក្ដី ដូចជា ផ្សារ ផ្សារ​ចិត ចិត្ត គេ គេហ៍ កល កល់ ជប ជប់ ដុះ ដុស ។ល។


ខ. ពាក្យ​និយាយ​ឮ​ផ្សេង​គ្នា​តែ​មាន​ន័យ​ដូចគ្នា សម្រាប់​ប្រើ​តាម​ដំណើរ​សេចក្ដី ដូចជា វិនាស អន្ដរាយ ក្ស័យ អន្ដរធាន មោឃៈ សោះសូន្យ បាត់បង់ ទទេ ឃែត ។ ពាក្យ​ទាំងអស់​នេះ​មាន​ន័យ​តែ​មួយ គឺ មិន​មាន​ឬ​គ្មាន ។


គ. ការ​ប្រែប្រួល​ន័យ​ដោយ​ភ្ជាប់​ពាក្យ​ ដូចជា បង់ (កិរិយា) ដាក់ ទម្លាក់ចុះ បត់ (កិរិយា) ត្រឡប់ តាម​ទំនង ត្រឡប់​ជា​ផ្នត់ ។ យក​ពាក្យ​ពីរ​នេះ​មក​ត​ភ្ជាប់​ទៅ​ជា បង់បត់ កើតជា (នាម) ប្រែន័យ​ថា ទេព្រ័ក្សអារក្ស​អ្នកតា​ទៅ​វិញ ។


ឃ. ការ​ប្រែន័យ​តាម​សម័យ​ ដូចជា គោត្រ ន័យដើម​ថា ក្រោលគោ ប្រែជា​ខ្សែ​ស្រឡាយ ។ល។


ភាសា​ណា​ដែល​ប្រកប​ដោយ​អង្គ​ទាំង ៣​នេះ ជា​ភាសា​ត្រឹមត្រូវ​មាន​វេយ្យាករណ៍ ហើយ​ដែល​ថា​អក្សរខ្មែរ មិន​ទាន់​មាន​វេយ្យាករណ៍​នោះ គឺ​មនុស្ស​ខ្មែរ​ទេ ដែល​មិន​ទាន់​ប្រមូល​វេយ្យាករណ៍​មក​សរសេរ ឯភាសា និង​អក្សរសាស្ត្រ​ខ្មែរ​នោះ មាន​វេយ្យាករណ៍​គ្រប់​សព្វ​ស្រេច​តាំង​ពី​សម័យ​មហានគរ​មក​ម៉្លេះ ប៉ុន្តែ​ចោរ​​បរទេស​វា​លួច​ក្បួន​វេយ្យាករណ៍​នោះ​បាត់​ទៅ​ក្នុង​សម័យ​កើត​សង្គ្រាម ។


ដោយ​ហេតុ​ពញរះពុទ្ធ​សាសនា​មាន​គុណូបការៈ​សំខាន់​យ៉ាង​នេះ​ចំពោះ​ប្រទេស​កម្ពុជា​ហើយ ទើប​ក្នុង​រដ្ឋធម្មនុញ្ញ​ខ្មែរ បាន​ចារឹក​ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ។


ឯន័យ​របស់​គុណូបការៈនោះ​ដូចជា​នាំ​មក​ពណ៌នា​ខ្លីៗ​តទៅ​នេះ ក្នុង​សម័យ​ដែល​ប្រទេស​ខ្មែរ​មាន​គ្រោះថ្នាក់ ចុះដុន​ដាប ខ្សោយ​ឥទ្ធិពល ដោយ​ហេតុ​ប្រទេស​ជិតខាង បង្កើត​សង្គ្រាម​ដណ្ដើម​ទឹកដី​ទ្រព្យសម្បត្តិ​គម្ពីរក្បួន​ច្បាប់​ខ្មែរ​នោះ ព្រះសង្ឃ​ក្នុង​វត្ត​អារាម​ពុទ្ធសាសនា​ទាំងអស់​ក្នុង​ប្រទេស បាន​ថែរក្សា​អង្គការ​រដ្ឋ​ទុក​មិន​ឲ្យ​បាត់បង់​ឡើយ ដូចជា អង្គការ​អក្សរសាស្ត្រ អង្គការ​អប់រំជាតិ អង្គការសុខភិបាល អង្គការសង្គមកិច្ច និង​ការងារ អង្គការ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម អង្គការ​វិចិត្រសិល្បៈ និង​តូរ្យតន្ត្រី អង្គការ​ការពារ​ប្រទេស អង្គការ​ឃោសនាការ និង​អង្គការ​យុត្តិធម៌ ជាដើម ។


ក. វត្ត និង​អង្គការ​អក្សរសាស្ត្រ


ក្នុង​សម័យ​ប្រទេស​មាន​គ្រោះថ្នាក់ ខ្សោយ​ឥទ្ធិពល នៅ​តាម​ខេត្ត​ភូមិ​ស្រុក​គ្មាន​សាលា​រៀន​ឡើយ មាន​តែ​វត្ត​អារាម​ព្រះសង្ឃ​នេះ​ឯង​ជា​សាលារៀន​នូវ​វិជ្ជា​គ្រប់​ជំពូក ជា​វិទ្យាស្ថាន​របស់​ជាតិ ។


ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ បាន​នាំ​កូនចៅ​ទៅ​ផ្ញើ​នឹង​ព្រះសង្ឃ​ចៅ​អធិការ​តាម​មណ្ឌល សង្កាត់ភូមិ ស្រុក​រៀងៗ​ខ្លួន មិន​គ្រាន់​តែ​ផ្ញើ​ឲ្យ​រៀន​ដល់​ម៉ោង​ចេញ​មក​ផ្ទះ​ទេ គឺ​ឲ្យ​ដេក​នៅ​បាយ​ទឹក​ក្នុង​វត្ត​តែ​ម្ដង ម៉្លោះ​ហើយ​វត្ត​អារាម​ព្រះពុទ្ធសាសនា​ត្រូវ​ទទួល​ភារៈ​របស់​ជាតិ​មួយ​ភាគ​ធំ ព្រះសង្ឃ​ជា​ចៅអធិការ​ត្រូវ​រៀបចំ​ឲ្យ​សិស្ស​ទាំងអស់​មាន​កន្លែង​ដេក​នៅ ចំណីអាហារ​បរិភោគ កន្លែងរៀន គ្រឿង​សិក្ខូបករណ៍​សម្រាប់​រៀន និង​គ្រឿង​ប្រើប្រាស់​គ្រប់​ជំពូក ដោយ​ចិត្ត​សប្បុរស​ពិតៗ ឥត​យក​ប្រាក់​ថ្លៃ​ឈ្នួល​អ្វី​ឡើយ លាភ​ដែល​កើត​ឡើង​ក្នុង​ពុទ្ធសាសនិក​ចែចែក​រំលែក​កសាង​វត្ត​អារាម​ផង ចិញ្ចឹម​ក្មេង​ជា​សិស្ស​ដែល​នៅ​សិក្សា​នោះ​ផង ។ ក្នុង​សម័យ​នោះ នៅ​វត្ត​ព្រះសង្ឃ​គ្មាន​សាលា តុ កៅអី សម្រាប់រៀន​ដូច​សព្វថ្ងៃ​ឡើយ មាន​តែ​កុដិ​ចៅអធិការ សាលា​ឆាន់​ជា​កន្លែង​រៀន គ្រូ​និង​សិស្ស​អង្គុយ​គង់​ផ្ទាល់​លើ​កន្ទេល​ សិស្ស​ម្នាក់ៗ មាន​ក្ដារ​ឈ្នួន​មួយ​ធ្វើ​ពី​ដើម​គ​ ឬ​ដើម​រកា​លាប​ម្រ័ក្សណ៍ ឬ​ខ្មុក​ពណ៌​ខ្មៅ ឯ​ដីស លោកគ្រូ​ឲ្យ​យក​ដី​ពិសេស​មក​ធ្វើ​តាម​បច្ចេកទេស​ក្នុង​សម័យ​នោះ ។


មុនដំបូង សរសេរ​អក្សរ​ធ្វើ​លេខ​លើ​ក្ដារ បន្ទាប់​មក​រៀន​មើល​សាស្ត្រា​ស្លឹករឹត ដូចជា​សាស្ត្រា​ច្បាប់​ក្រម​ជា​ដើម និង​រៀន​គិត​លេខ​ចំណោទ​នឹង​គ្រាប់​ក្បាច់ ។ ការ​រៀន​មើលសាស្ត្រា​ស្លឹករឹត​ដើម្បី​ឲ្យ​មាន​បដិភាណ​ក្នុង​ការ​មើល​ថា​ផង ឲ្យ​ចេះ​ដឹង​ច្បាប់​ទម្លាប់ ពង្សាវតារ មនុស្សធម៌ សីលធម៌ និង​អារ្យធម៌​របស់​ជាតិ​ផង ។


កាលបើ​រៀន​បាន​ចេះអក្សរ​ហើយ ឲ្យ​រៀន​ធម៌​បួស​ជា​សមណេរ ភិក្ខុ​ទៀត​ដើម្បី​សិក្សា​ភាសា​បាលី​សំស្ក្រឹត​ឲ្យ​បាន​ចេះ​ដឹង​ជ្រៅជ្រះ​នូវ​ទ្រឹស្ដី​ពុទ្ធសាសនា និង​ឲ្យ​រៀន​ភាសា​អក្សរ​បរទេស​ខ្លះ​ទៀត​ផង ។ បើ​មិន​បាន​សិក្សា​បែប​នេះ​ទេ បម្រុង​លា​ចាក​សិក្ខាបទ​ត្រឡប់​ទៅ​បម្រើ​គ្រួសារ​វិញ​ឆាប់ៗ លោក​បង្រៀន​អំពី​វិជ្ជាជីវៈ​ផ្សេងៗ​លៃ​តាម​និស្ស័យ​របស់​ខ្លួន​គឺ​នរណា​ប៉ិន​ប្រសប់​ខាង​ការ​ជាងដែក ជាងឈើ ជាង​គំនូរ ជាង​ចម្លាក់ ឬ​តូរ្យតន្ត្រី​ជាដើម ក៏​ឲ្យ​សិក្សា​ខាង​នោះ​ល្ម​ប្រើការ​បាន ទើប​ឲ្យ​សឹក​មក​ផ្ទះវិញ។


ក្នុង​ពេល​ចូល​ទៅ​សិក្សា​ក្នុង​វត្ត​នោះ លោកគ្រូ​មិន​មែន​បង្រៀន​តែ​អក្សរ​សាស្ត្រ និង​វិជ្ជាជីវៈ​នោះ​ទេ លោក​បាន​បង្រៀន​អំពី​សុជីវធម៌ ឲ្យ​ចេះ​ប្រើ​ឥរិយាបថ ដើរ​ ឈរ អង្គុយ ដេក និយាយ​ស្ដី​ឲ្យ​មាន​បែបបទ ចេះ​គួរ​សម​ ស្គាល់​ខុសត្រូវ តាម​ប្រពៃណី​អារ្យធម៌​ជាតិ​ទៀត។


ចំពោះ​សិស្ស​ណា​ដែល​មាន​និស្ស័យ​ឈ្លាសវៃ​ខាង​អក្សរសាស្ត្រ លោកគ្រូ​ឲ្យ​រៀន​ធ្វើ​អ្នក​និពន្ធ កវីនិពន្ធ តែងសេចក្ដី តែងកាព្យ ហើយ​ចារលើស្លឹករឹត ឬ​សរសេរ​ក្នុង​ក្រាំង​ទុក​ជា​ក្បួន​ច្បាប់​សម្រាប់​រៀន​តៗ​មក​ទៀត ដើម្បី​រក្សា​អក្សរសាស្ត្រ​ជាតិ ភាសា​ជាតិ​ដែល​ជា​លក្ខណៈ​សំខាន់​បំផុត​របស់​ជាតិ ទុក​កុំ​ឲ្យ​បាត់បង់​ព្រោះថា បើ​អក្សរសាស្ត្រ​រលត់ ភាសា​ត្រូវ​រលំ ជាតិ​ត្រូវ​រលាយ​បាត់បង់​ចាក​ពី​ពិភព​លោក​មិន​ខាន។


អាស្រ័យ​ហេតុ​នេះ ទើប​ព្រះសង្ឃ​គ្រប់​វត្ត​អារាម​ក្នុង​ពេល​នោះ​ខំ​រក្សារ​អក្សរសាស្ត្រ​ជាតិ​ទុក និង​លើក​តម្កើង​កុំ​ឲ្យ​ចាញ់​ប្រៀប​ប្រជាជាតិ​ទាំង​ឡាយ​ក្នុង​ពិភពលោក ដែល​គេ​ខំ​ថែរក្សា​លើក​តម្កើង​អក្សរសាស្ត្រ និង​ភាសា​គេ​ស្មើ​ជីវិត ទោះបី​គេ​ទ័លក្រ​លំបាក​តោក​យ៉ាកយ៉ាងណា ឬ​អក្សរ​របស់​គេ​នោះ​ពិបាក​សរសេរ​ ពិបាក​រៀន​យ៉ាងណា ក៏​គេ​មាន​សម្បជញ្ញៈ ដាស់តឿន​ទាញ​ញាក់​សរសៃ​វិញ្ញាណ​គេ​ឲ្យ​មាន​ស្វាមីភក្តិ​ចំពោះ​អក្សរ​សាស្ត្រ​ភាសា​ជាតិ​ជានិច្ច ដូច​ពួក​ចិន​អេតចាយ​រែក​កញ្ជោ​ទិញ​សម្បក​ដប​ជាដើម ដែល​ក្រ​មាន​តែ​ខោ​លើ​ជង្គង់ រសាត់​អណ្ដែត​សែត​អញ្ចង់​មក​ជ្រក​រស់​នៅ​ក្នុង​ស្រុក​យើង​នោះ គេ​មាន​សម្បជញ្ញៈ​ចំពោះ​អក្សរសាស្ត្រ​គេ​ស្មើ​ជីវិត ដូចជា​នៅ​តាម​សរសេរ​ផ្ទះ​មាត់ទ្វារ​បង្អួច និង​ចង្ក្រាន​បាយ​ក៏​មាន​បិទផ្ទាំង​អក្សរចិន ដែល​សរសេរ​ដោយ​ផ្ចិតផ្ចង់ លើក​តម្កើង​ឲ្យ​អក្សរ​ជាតិ​គេ​មាន​តម្លៃ​ដែរ។


ដោយ​ព្រះ​សង្ឃ​គ្រប់​វត្ត​អារាម​មាន​សម្បជញ្ញៈ​បែប​នោះ ខំ​បីបាច់​រក្សា​លើក​តម្កើង​អង្គការ​អក្សរសាស្ត្រ​នេះ​ឲ្យ​មាន​វឌ្ឍនភាព​ជានិច្ច​នោះ ក្នុង​ប្រទេស​ក្រខ្សត់ខ្សោយ​ក៏​ដូច​នៅ​ក្នុង​គ្រា​ចម្រើន​រុងរឿង​ដែរ។


លុះ​មក​ដល់​សម័យ​ចម្រើន​រុងរឿង អង្គការ​អក្សរសាស្ត្រជាតិ​បាន​ចេញ​ពី​វត្ត​អារាម​ទៅ​នៅ​ក្នុង​ស្រុកភូមិ កើត​ជា​ក្រសួង​សិក្សាធិការ​ជាតិ​ឡើង​ដោយ​មាន​វិជ្ជា​អក្សរសាស្ត្រ​អន្តរជាតិ តាម​សម័យ​និយម​ផ្សំ​ជាមួយ​ផង។


ឯក្បួន​ច្បាប់​អក្សរសាស្ត្រ​ខ្មែរ​ខ្លះ ដូចជា​ច្បាប់​ក្រម ច្បាប់​ហៃមហាជន ច្បាប់ប្រុស​ស្រី រឿងកាកី ទុំទាវ និង​ហង្សយន្ត​ជាដើម ដែល​ក្នុង​សម័យ​មុន​ជ្រក​នៅ​ក្នុង​វត្ត​អារាម​ មាន​តែ​កូនសិស្ស​លោក​រៀន​នោះ ឥឡូវ​បាន​ទៅ​នៅ​ក្នុង​សាលា​ជាតិ​ឯស្រុក​ភូមិ​អស់​ហើយ។


ផ្នែក​អង្គការ​អក្សរសាស្ត្រ​នេះ ទោះបី​បាន​ចេញ​ដំណើរ​មក​ពីវត្តអារាម​ទៅ​ទទួល​វឌ្ឍនធម៌​ពី​រដ្ឋ​ផ្ទាល់​ហើយ​ ក៏​ព្រះសង្ឃ​គ្រប់​វត្ត​ទាំងអស់​នៅ​តែ​តាម​ជួយ​ទ្រទ្រង់ បង្កើត​វឌ្ឍនធម៌​ខាង​អក្សរសាស្ត្រ​ពេញ​ទំហឹង ដូចជា ជួយ​បង្កើត​ពាក្យ​វប្បធម៌​អក្ខារវិរុទ្ធ និង​ជួយ​សង់​សាលា​បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ និង​ជួយ​ទំនុកបម្រុង​ពួក​សិស្ស​ឲ្យ​សំណាក់​ដេក​នៅ​បាយ​ទឹក​ក្នុង​វត្ត​អារាម​ជាច្រើន​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ គ្រប់​វត្តអារាម​ដែល​នៅ​ជិត​សាលា​រៀន​ក្នុង​ព្រះរាជអាណាចក្រ​ទាំងមូល។


នេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា ព្រះពុទ្ធសាសនា​ពិ​ជា​សាសនា​របស់​រដ្ឋកម្ពុជា​មែន។


ខ. វត្ត និង​អង្គការ​អប់រំជាតិ


​ក្នុង​សម័យ​ប្រទេស​មាន​គ្រោះថ្នាក់​ខ្សោយ​ឥទ្ធិពល នៅ​ក្នុង​ភូមិស្រុក​គ្មាន​មូលដ្ឋាន​អប់រំ​ពិតប្រាកដ​ឡើយ ភារៈ​អប់រំ​ពលរដ្ឋ​ឲ្យ​ចេះ​ស្រឡាញ់​ជាតិ​ សាសនា ព្រះមហាក្សត្រ​របស់​ខ្លួន ឲ្យ​ចេះ​រក្សា​ប្រពៃណី ទំនៀមទម្លាប់​ សិល្បៈ ពិធីការ​ជាតិ ឲ្យ​ស្គាល់​ខុសត្រូវ លះបង់​អំពើ​អាក្រក់ ធ្វើ​តែ​អំពើ​ល្អ និង​ឲ្យ​មាន​សាមគ្គី​ធម៌​ចេះ​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សង្គម​ជាតិ​ជាដើម​នៅ​ជា​ភារៈ​ពុទ្ធសាសនា​ទាំងស្រុង មាន​តែ​ពុទ្ធសាសនា​ទេ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អប់រំ​នេះ ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​ជឿ​ទុកចិត្ត​ពុទ្ធសាសនា​រួច​មក​ហើយ។


អាស្រ័យ​ហេតុ​នេះ ទើប​ព្រះសង្ឃ​គ្រប់​វត្តអារាម​ទាំងអស់​ក្នុង​ប្រទេស តែង​អប់រំ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ភូមិ​ដោយ​ទ្រឹស្ដី​ផង ដោយសារ​ពិសោធន៍​ផង។


ផ្នែកទ្រឹស្ដី គ្រប់តែ​ពិធីបុណ្យ​ទាំងអស់ ដូច​បុណ្យ​សព​ជាដើម ព្រះសង្ឃ​តែង​ពន្យល់​អំពី​ទ្រឹស្ដី​នៃ​ការ​កើត​ចាស់ ឈឺស្លាប់ តាម​ច្បាប់​ទស្សនៈវិជ្ជា​ដែល​ធ្លាប់​នាំ​គ្នា​និយម​ហៅថា លោកសូត្រធម៌​ឬ​ទេសនា ដើម្បី​ឲ្យ​ពលរដ្ឋ​ស្គាល់​ច្បាស់​នូវ​បញ្ហា​ជីវិត និង​បន្ធូរបន្ថយ​នូវ​មរណទុក្ខ អំពី​ចិត្ត​គំនិត​គ្រួសារ​សព​ផង ឲ្យ​យល់​ហេតុផល​អានិសង្ស​នៃ​ការ​ជួយ​សង្គ្រោះ ដោយ​សម្ភារៈ​ចំពោះ​អ្នក​កំពុង​ទទួល​មរណទុក្ខ​ផង ដើម្បី​ឲ្យ​មាន​សាមគ្គីធម៌​ជួយ​ទុក្ខ​ធុរៈ​គ្នា​ក្នុង​ស្រុកភូមិ​ផង។


ផ្នែកការ​ពិសោធន៍ ព្រះសង្ស​មិន​គ្រាន់​តែ​សូត្រធម៌ ទេសនា​ពន្យល់​ត្រឹម​ទ្រឹស្ដី​ប៉ុណ្ណោះ​ទេ បើ​មាន​បុគ្គល​ណា​មួយ​ក្នុង​ស្រុក​ភូមិ​ស្លាប់ លោក​តែង​និមន្ត​ទៅ​ជួយ​ឧបត្ថម្ភ​ខាង​ផ្លូវ​ចិត្ត និង​ប្រកាស​ប្រាប់​ដំណឹង​មរណៈ​នោះ​ដល់​អ្នក​ស្រុក​ភូមិ​ទាំងអស់​ដោយ​លិខិត​ឬដោយ​វាចា និង​ដោយ​សូរស័ព្ទ​គង ដើម្បី​ឲ្យ​អ្នកស្រុក​ភូមិ​ទាំងអស់​នៅ​ជួយ​គ្នា ដោយ​កម្លាំង​កាយ​ និង​សម្ភារៈ ដូចជា លុយកាក់ អង្ករ ទៀន ធូប ជាដើម។


ការ​អប់រំ​នេះ​បាន​ផល​ល្អ​បំផុត កើត​ជា​ប្រពៃណី​ចាំបាច់​មួយ​ក្នុង​ស្រុក​ភូមិ​នា​សម័យ​នោះ ។ កាលបើ​មាន​បុគ្គល​ណា​មួយ​ស្លាប់​ហើយ គេ​វាយ​គង​ភ្លាម មិន​រើស​ឋានៈ​បុគ្គល​ឡើយ ដើម្បី​ផ្ដល់​ដំណឹង​ដល់​អ្នកស្រុក​ភូមិ ។ ឯ​អ្នកស្រុក​ភូម​កាល​បើបាន​ឮ​សូរ​គង​ទៅ​ទិស​ណា​ហើយ តែង​លះបង់​ការងារ​ យក​សម្ភារៈ​មាន​អង្ករ លុយកាក់ ទៀនធូប ជាដើម នាំ​គ្នា​ទៅ​ជួយ​ភ្លាម​មិន​បាច់​គ្រួសារ​សព​អញ្ជើញ​ឡើយ មាន​លក្ខណៈ​ល្អ​សម​ជា​មនុស្ស​ពិត​មែន ។ គ្រប់​កិច្ចការ​ទាំងអស់​ក្នុង​ស្រុក​ភូមិ ទោះ​ក្នុង​វត្ត​ក្ដី ក្រៅវត្តក្ដី ដូចជា ការ​សាងសង់​វិហារ កុដិ សាលា ផ្លូវ ស្ពាន ជីកស្រះ អណ្ដូង ការ​ធ្វើ​ពិធី​ក្នុង​រដូវ​ភ្ជុំបិណ្ឌ កឋិន ចូលឆ្នាំ ជាដើម សុទ្ធ​តែ​ជា​សម័យ​អប់រំ​ប្រជាពលរដ្ឋ ឲ្យ​យល់​ចេះ​ដឹង​នូវ​មនុស្សធម៌ សីលធម៌ និង​អារ្យធម៌​ទាំងអស់ ប៉ុន្តែ​ដោយ​ការ​អប់រំ​នោះ​ប្រកប​ដោយ​គតិបណ្ឌិត​ ទាំង​ទ្រឹស្ដី និង​ការ​ពិសោធន៍ ជាទី​ពេញ​ចិត្ត​នៃ​ប្រជាពលរដ្ឋ គេ​មិន​នាំ​គ្នា​និយាយ​ថា ទៅ​អប់រំ​ទេ គេ​បែរ​ជា​នាំ​គ្នា​និយាយ​ថា ទៅ​ធ្វើបុណ្យ​វិញ។


ក្នុង​សម័យ​អប់រំ គឺ​ក្នុង​ពិធីបុណ្យ​នោះៗ ព្រះសង្ឃ​តែង​ប្រកាស​ផ្សាយ​នូវ​ទ្រឹស្ដី​ គឺ​សូត្រធម៌​ទេសនា​ពន្យល់​ហេតុ​ផល​តាម​លក្ខណៈ​កិច្ចការ និង​ជួយ​ដឹកនាំ​ធ្វើ​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ​ចេះ​ស្រឡាញ់​ការងារ ចេះ​ស្រឡាញ់​ប្រយោជន៍​រួម និង​ឲ្យ​មាន​សាមគ្គីធម៌ ជួយ​ផ្ដល់​ប្រយោជន៍​ដល់​គ្នា និង​គ្នា​ក្នុង​ស្រុកភូមិ។


លុះ​មក​ដល់​សម័យ​ចម្រើន​លូតលាស់ អង្គការ​អប់រំ​ជាតិ​បាន​ចេញ​ពី​វត្តអារាម ទៅ​នៅ​ក្នុង​ស្រុកភូមិ កើត​ជា​ក្រសួង​អប់រំជាតិ​ឡើង ដោយ​មាន​ពិធី​អប់រំ​អន្តរជាតិ​តាម​សម័យ​និយម​ផ្សំ​ជាមួយ​ផង។


ផ្នែក​អង្គការ​អប់រំ​ជាតិ​នេះ ទោះបី​បាន​ធ្វើ​ដំណើរ​ទៅ​នៅ​ក្នុង​ស្រុក​ភូមិ​បាន​ទទួល​វឌ្ឍនធម៌​ផ្ទាល់​ពី​រដ្ឋ​ហើយ​ ក៏​ព្រះសង្ឃ​គ្រប់​វត្ត​អារាម​ទាំងអស់​នៅ​តែ​មាន​ការ​ជួយ​អប់រំ​ពលរដ្ឋ​គ្រប់​មធ្យោបាយ​តាម​លទ្ធភាព​ដែល​ព្រះសង្ឃ​អាច​ធ្វើ​បាន តាម​ធម៌​វិន័យ​ពុទ្ធសាសនា។


នេះ​ជា​សក្ខីភាព​មួយ​ទៀត បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា ព្រះពុទ្ធ​សាសនា​ពិត​ជា​សាសនា​របស់​រដ្ឋ​កម្ពុជា​មែន។


គ. វត្ត និង​អង្គការ​សុខាភិបាល


ក្នុង​សម័យ​ប្រទេស​មាន​គ្រោះថ្នាក់​ខ្សោយ​ឥទ្ធិពល​ នៅ​តាម​ស្រុក​ភូមិ​គ្មាន​មន្ទីរ​ពេទ្យ​ឡើយ ។ ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​រោគា​ទាំង​ឡាយ​ មាន​គ្រុន​ក្ដៅ របួស ថ្លស់គ្រេច បាក់ឆ្អឹង ពស់​ចិក និង​ជំងឺ​អាសន្នរោគ​ជាដើម តែង​រត់​ទៅ​រក​ថ្នាំ​ឯវត្ត រក​លោកគ្រូ​ចៅអធិការ​ឲ្យ​ជួយ​មើល​ជំងឺ​នោះ ។ ឬ​ទៅ​រក​ឧបាសក​ដែល​បាន​ចេះ​វិជ្ជា​ពេទ្យ​ពី​វត្ត​មក។


អាស្រ័យ​ហេតុ​នេះ ទើប​ក្នុង​វត្ត​អារាម​នាសម័យ​នោះ​ច្រើន​តែ​មាន​ព្រះសង្ឃ​ចេះ​វិជ្ជាពេទ្យ មាន​ក្បួន​ផ្សំថ្នាំ មាន​វត្ថុធាតុ​ថ្នាំ​គ្រប់​មុខ​ក្នុង​វត្ត ដោយ​លោកគ្រូ​បាន​និមន្ត​ទៅ​រក​ដើម​ឈើ និង​វត្ថុ​ធាតុ​ថ្នាំ​ពីទី​ផ្សេងៗ មាន​ព្រៃ​ភ្នំ​ជាដើម​យក​មក​ដាំ​ក្នុង​វត្ត​ទុក​ក្នុង​កុដិ​សម្រាប់​សេចក្ដី​ត្រូវការ​របស់​ប្រជាជន និង​ចេះ​ព្យាបាល​រោគ​ដោយ​វិធី​ប្រើ​កម្លាំង​ដួង​ចិត្ត ផ្លុំស្ដោះ ដៅ ស្ទាប ស្រោចទឹក ចងខ្សែ​គាថា ចង​អំបោះ​ ដែល​ជា​សាខា​របស់​មនោយិទ្ធិ​វិជ្ជា (Volonté) នោះ​ថែម​ទៀត ។ លោក​ព្យាបាល​អ្នក​ជំងឺ​ដោយ​ចិត្ត​មេត្តា​ករុណា​ពិតៗ ឥត​យក​ប្រាក់​ខែ​ពីរដ្ឋ ឬ​រង្វាន់​ពី​អ្នក​ជំងឺ​ឡើយ។


វត្ត​អារាម​ក្នុង​សម័យ​នោះ​មិន​មែន​គ្រាន់​តែ​ជា​កន្លែង​អប់រំ​ធ្វើ​បុណ្យ​ទាន​ចម្រើន​មេត្តា​ភាវនា​ទេ គឺ​ជា​មន្ទីរពេទ្យ និង​ជា​សាលា​រៀន​វិជ្ជា​ពេទ្យ​ទៀត​ផង ដោយ​មាន​ភិក្ខុ​សាមណេរ​ ឧបាសក​ដែល​មាន​និស្ស័យ​ខាង​វិជ្ជា​ពេទ្យ​នេះ ទៅ​សុំ​រៀន​តាម​ក្បួន​តម្រា​ដែល​មាន​ក្នុង​វត្ត ហើយ​ពិសោធ​មើល​អ្នក​ជំងឺ​ដរាប​បាន​ចេះ​ដឹង​កើត​ជា​គ្រូពេទ្យ​តៗ​មក ។ ព្រោះ​សុខភាព​ប្រជាពលរដ្ឋ​បាន​ពឹង​ពាក់​លើ​វត្ត​អារាម​ទាំងស្រុង។


លុះ​ដល់​មក​សម័យ​ចម្រើន​លូតលាស់ អង្គការ​សុខាភិបាល​បាន​ចេញ​ពី​វត្ត​អារាម​ទៅ​នៅ​ក្នុង​ស្រុក​ភូមិ កើត​ជា​ក្រសួង​សារធារណ​សុខាភិបាល​ឡើង ដោយ​មាន​ក្បួន​សុខាភិបាល​អន្តរជាតិ តាម​សម័យនិយម និង​ឱសថ​បរទេស​ផ្សំ​ជាមួយ​ផង​ដែរ។


ផ្នែក​អង្គការ​សុខាភិបាល​នេះ ទោះបី​បាន​ធ្វើ​ដំណើរ​ចេញ​ពី​វត្តអារាម​ទៅ​នៅ​ក្នុង​ស្រុក​ភូមិ បាន​ទទួល​វឌ្ឍនធម៌​ផ្ទាល់​ពី​រដ្ឋ​ហើយ ក៏​ព្រះសង្ឃ​គ្រប់វត្ត​ទាំងអស់​នៅ​តែ​ជួយ​ទំនុកបម្រុង មាន​ជួយ​សង់​មន្ទីរពេទ្យ ជួយ​ផ្ដល់​ឱសថ​មន្ទីរពេទ្យ​នោះៗ ថែមទៀត ដូច​គិលាន និង​ប្រសូតិ​គ្រឹះ​របស់​សម្ដេច​ព្រះមហាសុមេធា​ធិបតី ជួន ណាត ព្រះសង្ឃរាជ នៅ​សង្កាត់​រកាកោះ ស្រុក​គងពិសី និង​មណ្ឌល​សុខភាព​សម្ដេច​ព្រះពោធិវ័ង្ស ហួត តាត នៅ​សង្កាត់​វាំងចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ជាដើម ។


នេះ​ជា​សក្ខីភាព​មួយ​ទៀត​បញ្ជាក់​ឲ្យ​ឃើញ​ថា ព្រះពុទ្ធសាសនា​ពិត​ជា​សាសនា​របស់​រដ្ឋកម្ពុជា​មែន ។


ឃ. វត្ត និង​អង្គការ​សង្គមកិច្ច​ការងារ


ក្នុង​សម័យ​ប្រទេស​មាន​គ្រោះថ្នាក់​ខ្សោយ​ឥទ្ធិពល​ វត្ត​អារាម​ទាំងអស់​នា​សម័យ​នោះ​ គឺជា​ទីចាត់ការ​នៃ​សង្គមកិច្ច​និង​ការងារ​របស់​ប្រជាពលរដ្ឋ។


វត្ត​មួយៗ​បាន​ផ្ដល់​កិច្ចការ​ដែល​សង្គម​ជាតិ​ត្រូវការ​គ្រប់យ៉ាង​ ខាង​ផ្លូវចិត្ត​ បាន​ផ្ដល់​នូវ​មនុស្សធម៌​ សីលធម៌​ និង​អារ្យធម៌​ ខាង​សម្ភារៈ​ បាន​ផ្តល់​ការងារ​វិជ្ជាជីវៈ​ឲ្យ​ពលរដ្ឋ​ដើម្បី​ប្រកប​អាជីវកម្ម​តាម​សមត្ថភាព​រៀងៗ​ខ្លួន។


ពួក​កុមារ​ និង​យុវជន​ដែល​មាតាបិតា​នាំ​ឲ្យ​ទៅ​នៅ​ក្នុង​វត្ត​នា​សម័យ​នោះ​ មិនមែន​ឲ្យ​សិក្សា​តែ​អក្សរសាស្ត្រ​ និង​បួស​រៀន​ធម៌​ចេះ​ដឹង​តាម​ទ្រឹស្ដី​ហើយ​វិល​ត្រឡប់​មក​ស្រុកភូមិ​វិញ​ ដើរ​រក​ការងារ​គេ​ធ្វើ​ទេ ។ ព្រះ​សង្ឃ​ជា​គ្រូអាចារ្យ​បាន​ដឹកនាំ​កុមារ​និង​យុវជន​ឲ្យ​រៀន​ពិសោធន៍​ធ្វើ​មុខរបរ​វិជ្ជាជីវៈ​គ្រប់​យ៉ាង ដូច​ជា​ រៀនធ្វើ​ការងារ​ខាង​ជាងឈើ​ ជាងដែក ​ជាងចម្លាក់​ ជាងគំនូរ​ ជាងស្មិត​ ឲ្យ​រៀន​ធ្វើ​ឡ​ដុត​ឥដ្ឋ​ក្បឿង​ ដុត​កំបោរ រៀប​ឥដ្ឋ​ បូក​លាយ​បាយអ​ ឲ្យ​រៀន​ធ្វើ​ជាល​ល្អី ស្មុគ​ កញ្ជើ​ ឲ្យ​រៀន​ក្រឡឹង​ធ្វើ​ថាស​ ក្បាក់ ។ល។ ជួយ​ទំនុកបម្រុង​ឲ្យ​រៀន​ភ្លេង​តូរ្យតន្ត្រី​ រាបាំ​ច្រៀង​រាំ​ និង​ឲ្យ​រៀន​ធ្វើ​កសិកម្ម​ស្រែ​ចម្ការ​ ច្បារ​ដំណាំ​ជាដើម​ទៀត។


ផ្នែក​កសិកម្ម ៖ ​វត្ត​មួយ​ៗ​ក្នុង​ជំនាន់​នោះ​ មាន​គោ​រទេះ​ មាន​ស្រែ​ចម្ការ​ច្បារ​ដំណាំ ​នង្គ័ល​រនាស់​សម្រាប់​ពួក​កុមារ ​និង​យុវជន​ដែល​ទៅ​រៀនអក្សរ​ឬ​រៀន​ធម៌​ ភ្ជួរ​រាស់​ ដាំ​សាប ​ស្ទូង​ ​ច្រូតកាត់​ បញ្ជាន់​បោក​បែន​ យក​ផល​ប្រើ​ការ​ក្នុង​វត្ត​ដោយ​មាន​គ្រហស្ថ​ជើងវត្ត​ឆ្លៀតពេល​ជួយ​ធ្វើ​ផង​ ជួនកាល​ពេល​យប់​មាន​ភិក្ខុ​សាមណេរ​ជួយ​ធ្វើ​ផង​ដែរ។


អាស្រ័យ​ហេតុនេះ​ទើប​យុវជន​សម័យ​នោះ​ មាន​បញ្ហា​បច្ចេកទេស​ខាង​កសិកម្ម​ ដល់​ត្រឡប់​មក​ផ្ទះ​វិញ​ចេះ​ធ្វើ​កសិកម្ម​ខ្លួនឯង​តែ​ម្តង​ មិនបាច់​ដើរ​រក​សុំ​ការងារ​គេ​រៀន​ធ្វើ​ទៀត​ឡើយ។


ផ្នែក​ការ​ជាង ៖ វត្ត​មួយៗ​ក្នុង​សម័យ​នោះ​ លោកគ្រូ​ចៅអធិការ​តែង​នាំ​សិស្ស​គណ​ធ្វើ​កុដិ​វិហារ​ សាលា​ និង​ប្រដាប់​ប្រើប្រាស់​ ដូចជា ​តុ ​ទូតាំង​ ទូក រទេះ​ជាដើម ​ដោយ​ខ្លួនឯង​ ឥត​ទិញ​ដូរ​ឬ​ជួល​គេ​មក​ធ្វើ​ឡើយ ។ ឯ​គ្រឿង​សម្ភារៈ​សម្រាប់​ស្ថាបនា​សុទ្ធតែ​នាំ​សិស្សគណ​ធ្វើ​ផ្ទាល់ខ្លួន​ ចាប់តាំងពី​ទៅ​កាប់​ឈើ​យក​មក​អារច្រៀក​ ឈូស​ ដាប់ ​វាស់​ កាត់​ វាយ​ឥដ្ឋ​ ធ្វើ​ជា​ដុត​ឥដ្ឋ​ ដុត​ក្បឿង​ ទៅ​រក​ថ្ម​ឬ​សម្បក​លៀស​ មក​ដុត​ធ្វើ​កំបោរ​ លាយ​ក្រួស​ខ្សាច់​ធ្វើ​បាយអ​ រៀប​បូក​ធ្វើ​គ្រឹះ​ជញ្ជាំង​ គូសវាស​ក្បាច់រចនា​ ឆ្លាក់​ដាប់​ចោះ​ធ្វើ​ប្រដាប់​ក្រឡឹង​ ចម្រឹង​ទ្វារ​បង្អួច ។ល។ ទម្រាំ​តែ​ធ្វើ​កុដិ​សាលា​វិហារ​មួយៗ​រួច​ ពួកសិស្សគណ ​ទាំង​គ្រហស្ថ​ បព្វជិត​ ចេះ​ការងារ​ស្ទាត់ជំនាញ​ស្ទើរ​គ្រប់មុខ។


ហេតុ​ដែល​វត្ត​អារាម​សម័យ​នោះ​បង្កើត​ឲ្យ​មាន​ការងារ​ធ្វើ​គ្រប់សព្វ​យ៉ាងនេះ​ ដើម្បី​ដឹកនាំ​សង្គម​ជាតិ​ឲ្យ​មានការ​ចេះ​ដឹង​ខាង​មុខរបរ​វិជ្ជាជីវៈ​ផង​ ឲ្យ​បាន​កើត​ជា​កុដិ វិហារ ​ទូ​ តុតាំង ។ល។​ តម្កល់​ទុកជា​សម្បត្តិ​រួម​ក្នុង​សាសនា​ផង ។​​ ដល់​ពួក​សិស្សគណ​ទាំងនោះ​ទៅ​ផ្ទះ​ស្រុកភូមិ​វិញ​ ខ្លះ​ក៏​ប្រកប​មុខរបរ​ជា​ជាងឈើ​ ជាងគំនូរ ។ល។​ តាម​សមត្ថភាព​រៀងៗ​ខ្លួន​ ឥត​តែលតោល​ដើរ​រក​ការងារ​ធ្វើ​ឡើយ។


ចំណែក​ខាង​ចរិយា​ធម៌​របស់​សង្គម​វិញ​ ក៏​មាន​បែបបទ​ល្អ​ណាស់​ដែរ​ ពួក​អ្នកលេង​កាប់​ចាក់​លួច​ឆក់​ មាន​ចំនួន​តិច​ស្ទើរតែ​គ្មាន​សោះ​ ព្រោះ​បាន​ហ្វឹកហាត់​ខាង​មនុស្សធម៌​ សីលធម៌​ និង​អារ្យធម៌​តាម​ទ្រឹស្ដី​ពុទ្ធសាសនា​ ព្រម​ជាមួយ​ការ​រៀន​ពិសោធន៍​ធ្វើ​មុខរបរ​វិជ្ជាជីវៈ​នោះ​ដែរ។


លុះ​មក​ដល់​សម័យ​ចម្រើន​លូតលាស់​ អង្គការ​សង្គមកិច្ច​និង​ការងារ​បាន​ធ្វើ​ដំណើរ​ចេញពី​វត្ត​អារាម​ទៅ​ស្រុកភូមិ​ កើតជា​ក្រសួង​សង្គមកិច្ច​និង​ការងារ​ឡើង​ ដោយ​មាន​ក្បួន​សង្គមកិច្ច​និង​ការងារ​អន្តរជាតិ​តាម​សម័យនិយម​ផ្សំ​ជាមួយ​ផង។


ទោះបី​អង្គការ​នេះ​បាន​ចេញពី​វត្ត​អារាម​ទៅ​នៅ​ក្នុង​ស្រុកភូមិ​ បាន​ទទួល​វឌ្ឍនធម៌​ផ្ទាល់​ពី​រដ្ឋ​ហើយ​ ក៏​ព្រះសង្ឃ​គ្រប់​វត្ត​នៅ​តែ​ជួយ​ទំនុកបម្រុង​ជា​និច្ច​ មាន​ឲ្យ​ទី​ដេក​នៅ​បាយ​ទឹក​ចំពោះ​យុវជន​ដែល​រក​ការងារ​ធ្វើ​មិន​ទាន់​បាន​ឬ​បាន​ការងារ​ធ្វើ​ហើយ​តែ​មិន​មានផ្ទះ​នៅ​ មិន​ទាន់​មានគ្រួសារ​នោះ​ ជា​ច្រើន​ឆ្នាំ​ក្នុង​ម្នាក់ៗ​ទៀត​ មាន​ព្រះសង្ឃ​ខ្លះ​ដែល​មាន​សមត្ថភាព​បាន​ជួយ​រក​ការងារ​ឲ្យ​យុវជន​ធ្វើ​ផង​ដែរ។


នេះ​ជា​សក្ខីភាព​មួយទៀត​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា​ ព្រះពុទ្ធ​សាសនា​ពិតជា​សាសនា​របស់​រដ្ឋ​កម្ពុជា​មែន។


ង. ​វត្ត​ និង​អង្គការ​កសិកម្ម


ក្នុង​សម័យ​ប្រទេស​មាន​គ្រោះថ្នាក់​ខ្សោយ​ឥទ្ធិពល​ នៅ​ក្នុង​ស្រុកភូមិ​គ្មាន​មូលដ្ឋាន​ទ្រទ្រង់​អង្គការ​កសិកម្ម​នេះ​ឡើយ​ មាន​តែ​ក្នុង​វត្ត​អារាម​ព្រះពុទ្ធ​សាសនា ។ ព្រះសង្ឃ​និង​ឧបាសក​អ្នកជំនាញ​ការងារ​ក្នុង​វត្ត​បាន​បង្រៀន​ពលរដ្ឋ​តាម​ទ្រឹស្ដី​ផង ​ដឹកនាំ​ពិសោធ​ធ្វើ​ផង ​ដោយ​មាន​គ្រឿង​ឧបករណ៍​សព្វគ្រប់​នៅ​ក្នុង​វត្ត​ដូច​បាន​និយាយ​ហើយ​ក្នុង​អង្គការ​សង្គមកិច្ច​និង​ការងារ​ ត្រង់​ជំពូក ​ឃ។


លុះ​ដល់​សម័យ​ចម្រើន​លូតលាស់ អង្គការ​កសិកម្ម​បាន​ចេញ​ពីវត្ត​អារាម​ទៅ​នៅ​ក្នុង​ស្រុកភូមិ​ កើត​ជា​ក្រសួងកសិកម្ម​ឡើង​ ដោយ​មាន​វិជ្ជា​កសិកម្ម​អន្តរជាតិ​តាម​សម័យនិយម​ផ្សំ​ជាមួយ​ផង។


ទោះបី​អង្គការ​នេះ​ទៅ​នៅ​ក្នុង​ស្រុកភូមិ​បាន​ទទួល​វឌ្ឍនធម៌​ផ្ទាល់​ពី​រដ្ឋ​ហើយ​ ក៏​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​គ្រប់​វត្ត​អារាម​ទាំងអស់​នៅ​តែ​ជួយ​ទ្រទ្រង់​ពេញទំហឹង​ មាន​ជួយ​ធ្វើ​មធ្យោបាយ​ទឹក​ ជីក​ព្រែក ជីក​ស្រះ​ លើក​ទំនប់​ជាដើម។


នេះ​ជា​សក្ខីភាព​មួយទៀត​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា​ ព្រះពុទ្ធ​សាសនា​ពិតជា​សាសនា​របស់​រដ្ឋ​កម្ពុជា​មែន ។


ច.​ វត្ត​ និង​អង្គការ​ឧស្សាហកម្ម


ក្នុង​សម័យ​ប្រទេស​មាន​គ្រោះថ្នាក់​ខ្សោយ​ឥទ្ធិពល​ អង្គការ​ឧស្សាហកម្ម​នេះ​ជា​អង្គការ​កម្សត់កម្រ​ជាងគេ​ ព្រោះ​នៅ​ក្នុង​ស្រុកភូមិ​គ្មាន​មូលដ្ឋាន​ទ្រទ្រង់​សោះ ។​ ពលរដ្ឋ​ទាំងឡាយ​តែង​បាន​ទទួល​ការ​ចេះ​ដឹង​ និង​ទទួល​ផលិតផល​ឧស្សាហកម្ម​យក​ទៅ​ប្រើប្រាស់​តែ​អំពី​វត្ដ​អារាម​ ដូចជា​ ឆ្នាំង​ កាំបិត​ ពូថៅ​ ឥដ្ឋ ក្បឿង កំបោរ​ជាដើម​ សូម្បី​តែ​គ្រឿង​វាយនភ័ណ្ឌ​សម្រាប់​ត្បាញសំពត់​ មាន​កី រហាត់​ជាដើម​ ក៏​ទៅ​រក​ព្រះសង្ឃ​ឬ​ឧបាសក​អ្នក​ជំនាញការ​ក្នុង​វត្ត​ធ្វើ​ឲ្យ​ដែរ​ ព្រោះ​នៅ​ក្នុង​វត្តមាន​ព្រះសង្ឃ​និង​គ្រហស្ថ​ជា​អ្នកបច្ចេកទេស​សកល​ ចេះ​ធ្វើ​ពុម្ព​វាយ​ឥដ្ឋ​ ស្គាល់​ដី​ធ្វើ​ឥដ្ឋ​ក្បឿង​ ចេះ​ធ្វើ​ឡ​ដុត​ក្បឿង ​ឡ​ដុត​កំបោរ​ ចេះ​ធ្វើ​ឡ​ធ្វើ​បាវ ​ដុត​រំលាយ​ដែក​ ស្ពាន់​ លង្ហិន ​សំរឹទ្ធិ​ សិត​ធ្វើ​ឆ្នាំង ផ្តិល ប្រអប់​ តុ​ ពាន ​ធ្វើ​គ្រឿង​ភ្លេង​ គឹង ឃ្មោះ សិត​ព្រះ​ពុទ្ធរូប ។ល។​ និង​មាន​គ្រឿង​ស្នប់​ដុត​ដំ​ដែក ​ធ្វើ​ប្រដាប់​ប្រើប្រាស់​គ្រប់ជំពូក​ ដូច​ជា​កាំបិត​ ពូថៅ​ ​ពន្លាក​ ដែក​ឈូស​ជាដើម ។​ ជា​ពិសេស​មាន​ព្រះសង្ឃ​ខ្លះ​ចេះ​ធ្វើ​គ្រឿងចក្រ​ ដូចជា ​ប្រដាប់​បូមទឹក​ រហាត់ទឹក​ គ្រឿង​ថ្លឹង​ទឹក​ ម៉ាស៊ីន​កាណូត​ប្រើ​ចំហាយ​ទឹក​ ម៉ាស៊ីន​ច្រៀង ​និង​ចេះ​យក​ស្នែង​មក​កោស​ស្ល​ផ្សំ​វត្ថុ​ធាតុ ​ពិសេស​ធ្វើ​ថាស​ម៉ាស៊ីន​ច្រៀង​ផង។


ចំណែក​ខាង​គ្រឿង​រំសេវ ​គ្រឿងផ្ទុះ​វិញ​ ក៏​មាន​បច្ចេកទេស​ជំនាញ​ណាស់​ដែរ​ បាន​យក​វត្ថុ​ធាតុ​ដែល​កើត​ក្នុង​ទឹកដី​ខ្មែរ​ ដូចជា​ អាចម៍​ប្រចៀវ​ជាដើម​ មក​ធ្វើ​ប្រដាប់​ត្រង​ច្រោះ​ឲ្យ​កើតជា​ក្រាម​ ហើយ​យក​ទៅ​បូក​ផ្សំ​ជាមួយ​ធ្យូង​ដើម​សង្កែ ​ដើម​ថ្កូវ​ ស្ពាន់ធ័រ​ និង​កម្ទេច​ដែក ​ប្រាក់​ ស្ពាន់​ ធ្វើ​កាំជ្រួច​រន្ទា​ ភ្ញី​ទាន​ជាតិ​ដើម​ សម្រាប់​ដុត​បញ្ចេញ​សូរសព្ទ​ និង​ពន្លឺ​គ្រប់​ពណ៌​ក្នុង​ពិធីបុណ្យ ​ព្រមទាំង​ចេះ​ធ្វើ​គោម​ហោះ​ មនុស្ស​ហោះ​ទៅ​ក្នុង​អាកាស​ទៀត។


វត្ត​អារាម​មិន​គ្រាន់តែ​ផ្ដល់​ផលិតផល​ឧស្សាហកម្ម​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ​ គឺជា​សកលវិទ្យា​ស្ថានជាតិ​ទៀត​ផង​ ព្រោះ​ពលរដ្ឋ​គ្រប់​ទិស​ទី​ទាំងអស់​ក្នុង​ប្រទេស​ បាន​នាំ​កូនចៅ​ឲ្យ​ទៅ​នៅ​វត្ត​ ឲ្យ​បួស​រៀន​ធម៌ ​រៀនធ្វើការ​ទាំងអស់​ដែល​មាន​ក្នុង​វត្ត​ ដល់​ត្រឡប់​មក​ផ្ទះ​ស្រុកភូមិ​វិញ​ បាន​យក​វិជ្ជា​ដែល​ខ្លួន​ចេះ​ដឹង​ក្នុង​វត្ត​នោះ​មក​ប្រកប​អាជីវកម្ម​រៀងៗ​ខ្លួន​ ខ្លះ​ជា​ជាងដែក​ ជាងឈើ​ ជាងកំបោរ ។ល។


លុះដល់​មក​សម័យ​ចម្រើន​លូតលាស់​ អង្គការ​ឧស្សាហកម្ម​បាន​ចេញពី​វត្ត​អារាម​ទៅ​នៅ​ក្នុង​ស្រុកភូមិ​ កើតជា​ក្រសួង​ឧស្សាហកម្ម​ឡើង​ ដោយ​មាន​វិជ្ជា​ឧស្សាហកម្ម​អន្តរជាតិ​តាម​សម័យនិយម​ផ្សំ​ជាមួយ​ផង។


ទោះបី​អង្គការ​នេះ​ទៅ​នៅ​ក្នុងស្រុក​ភូមិ​ បាន​ទទួល​វឌ្ឍនធម៌​ផ្ទាល់​ពី​រដ្ឋ​ហើយ​ ក៏​ព្រះសង្ឃ​នៅ​តែ​ផ្ដល់​មធ្យោបាយ​ជួយ​ទ្រទ្រង់​ពេញ​សមត្ថភាព​ បាន​ជួយ​ដឹកនាំ​ពលរដ្ឋ​ឲ្យ​ធ្វើ​ឡ​ដុត​ឥដ្ឋ​ ក្បឿង​ និង​ឲ្យ​ទី​ដី​វត្ត​អារាម​ខ្លះ​ដែល​ទំនេរ​ ធ្វើ​រោង​ឧស្សាហកម្ម​ជាដើម។


នេះ​ជា​សក្ខីភាព​មួយ​មួយទៀត​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា​ ព្រះពុទ្ធ​សាសនា​ពិតជា​សាសនា​របស់​រដ្ឋ​កម្ពុជា​មែន។


ឈ.​ វត្ត​ និង​អង្គការ​ពាណិជ្ជកម្ម​


ក្នុង​សម័យ​ប្រទេស​មាន​គ្រោះថ្នាក់​ខ្សោយ​ឥទ្ធិពល​ អង្គការ​ពាណិជ្ជ​កម្មនេះ​ពឹងផ្អែក​លើ​វត្ត​អារាម​ដែរ​ ព្រោះ​វត្ត​អារាម​ជា​ប្រភព​នៃ​ផលិតផល​ឧស្សាហកម្ម​ជាដើម។


ពួក​ឈ្មួញ​ទាំងឡាយ​ ទោះ​ឈ្មួញ​គោក​ក្ដី​ទឹកដី​ ច្រើន​ទៅ​លក់ដូរ​ផលិតផល​ដែល​ធ្វើ​កើត​ក្នុង​ទី​វត្ត​ ឬ​ដែល​គ្រហស្ថ​បាន​ចេះ​ដឹង​ពី​វត្ត​យក​ទៅ​ធ្វើ​ក្នុង​ស្រុកភូមិ​ ដូច​ជា​ ឆ្នាំង​ ផ្តិល ​ថ្នាំកែរោគ​ និង​គ្រឿង​ស្លៀកពាក់​ ហូល​ សារុង​ ស្រូវ​អង្ករ​ ជាដើម។


ឯ​ពួក​ឈ្មួញ​សម័យ​នោះ​តែង​ដឹកនាំ​អីវ៉ាន់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ដើរ​លក់ដូរ​ដេក​ផ្លូវ ​ដល់​វេលា​ថ្ងៃ​ក្ដៅ​ ឬ​យប់​ តែង​ចូល​ទៅ​សម្រាក​បាយ​ទឹក​ដេក​នៅ​ក្នុង​វត្ត​អារាម ។ ព្រះសង្ឃ​​តែង​ជួយ​សង្គ្រោះ​ឲ្យ​បាយ​ទឹក​ ទី​ដេក​នៅ​ ជួយ​ប្រាប់​អ្នកស្រុក​ភូមិ​ឲ្យ​ជួយ​ទិញ​ ជួយ​លក់ដូរ​ទៅ​វិញ​ទៅ​មក​ តាម​សេចក្ដី​ត្រូវការ​រៀងខ្លួន ។​ បើ​អ្នកស្រុក​ភូមិ​មាន​របស់​អ្វី​ដែល​ត្រូវ​លក់​ លោក​ជួយ​ប្រាប់​ឲ្យ​ឈ្មួញ​ជួយ​ទិញ​ បើ​ឈ្មួញ​មាន​របស់​អ្វី​ត្រូវ​លក់​ លោក​ប្រាប់​អ្នកស្រុក​ភូមិ​ឲ្យ​ជួយ​ទិញ​ ដើម្បី​ជួយ​យិត​យោង​ជីវភាព​គ្នា​ក្នុង​សង្គម​ជាតិ​ តាម​លទ្ធភាព​ដែល​លោក​ត្រូវធ្វើ​បាន។


លុះដល់​មក​សម័យ​ចម្រើន​លូតលាស់​ អង្គការ​ពាណិជ្ជកម្ម​បាន​ចេញពី​វត្ត​អារាម​ទៅ​នៅ​ក្នុង​ស្រុកភូមិ​ កើតជា​ក្រសួងពាណិជ្ជកម្ម​ឡើង​ ដោយ​មាន​វិជ្ជា​ពាណិជ្ជកម្ម​អន្តរជាតិ​តាម​សម័យនិយម​ និង​ផលិតផល​បរទេស​ផ្សំ​ជាមួយ​ផង។


ទោះបី​អង្គការ​នេះ​នៅ​ក្នុង​ស្រុកភូមិ​បាន​ទទួល​វឌ្ឍនធម៌​ផ្ទាល់​ពី​រដ្ឋ​ហើយ​ ក៏​ព្រះសង្ឃ​នៅ​តែ​ទ្រទ្រង់​តាម​លទ្ធភាព​ដែល​អាច​ជួយ​បាន​ ដូច​ជា​ ជួយ​ដឹកនាំ​អ្នកស្រុក​ភូមិ​ឲ្យ​រួបរួម​គ្នា​ធ្វើ​សហករណ៍​ និង​ឲ្យ​ទី​ដី​វត្ត​ខ្លះ​ដែល​ទំនេរ​ធ្វើ​ឃ្លាំង​ ឬ​មន្ទីរ​សហករណ៍​ជាដើម។


នេះ​ជា​សក្ខីភាព​មួយទៀត​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា​ ព្រះពុទ្ធ​សាសនា​ពិតជា​សាសនា​រដ្ឋ​កម្ពុជា​មែន។


ជ.​ វត្ត​ និង​អង្គការ​វិចិត្រសិល្បៈ​តូរ្យតន្ត្រី​


ក្នុង​សម័យ​ប្រទេស​មាន​គ្រោះថ្នាក់​ខ្សោយ​ឥទ្ធិពល​ អង្គការ​វិចិត្រសិល្បៈ​និង​តូរ្យតន្ត្រី​នេះ​ក៏​បាន​ពឹងពាក់​លើ​វត្ត​អារាម​ដែរ។


ផ្នែក​វិចិត្រសិល្បៈ ៖​ ក្នុង​វត្ត​អារាម​មួយៗ​មាន​ព្រះសង្ឃ​ចេះ​គូររូប​ភាព​លើ​ក្រដាស​ សំពត់​ លើ​ជញ្ជាំង​ ដូចជា​គូ​ពុទ្ធប្រវត្តិ​ភ្ជាប់​នឹង​ជញ្ជាំង​កុដិវិហារ ​គូរ​ភ្ជាប់​លើ​ផ្ទាំង​ធំៗ ​ធ្វើ​ព្រះបដ​ គូរ​រឿង​ព្រះ​វេស្សន្តរ​លើ​ផ្ទាំង​សំពត់​តូចៗ​ ​ធ្វើ​ទង់ទៀវ និង​ចេះ​គូរ​ឆ្លាក់​ក្បាច់​ផ្កា​ភ្ញី​គ្រប់​បែប​លើ​ផ្ទាំងសិលា​ ផ្ទាំង​លោហៈ​ និង​លើ​ផ្ទៃ​ឈើ​ ធ្វើ​រោង​ស្បូវ ជហ្វា ​ដងក្ដារ​ មេ​ទ្វារ ​បង្អួច​ និង​ឆ្លាក់​រូប​នាគ គ្រុឌ កិន្នរ ​រាជសីហ៍ ជាដើម​ ព្រមទាំង​ចេះ​កាត់​ផ្សារ​លោហៈធាតុ​ដោយ​ទឹកបន្សា​ផង ។ ខាង​សិល្បៈ​សូន​រូប​វិញ​ ក៏​ព្រះសង្ឃ​ចេះ​ធ្វើ​ពុម្ព​ព្រះ​ពុទ្ធរូប​ និង​ពុម្ព​ផ្សេងៗ​ទៀត​តាម​ត្រូវការ​ ហើយ​បោះ​ខ្មុក​ក៏​មាន​ ដោយ​លោហធាតុ​ក៏​មាន​ សំណ ​ស្ពាន់​ លង្ហិន ​សំរឹទ្ធ​ ក៏​មាន​ស្រិត​ជា​រូបភាព​មនុស្ស​ សត្វ​ និង​គ្រឿង​ប្រើប្រាស់​យ៉ាង​ល្អ​ត្រកាល​ ព្រមទាំង​ចេះ​វិធី​លាប​ជ្រលក់​ទឹកមាស​ប្រាក់​ដែល​ហៅ​ថា​ ក្រូមេ​ ទៀត ។​ សម័យ​នោះ​មាន​តែ​ក្នុង​វត្ត​អារាម​ទេ​ ដែល​មាន​អ្នកបច្ចេកទេស​ខាង​វិចិត្រសិល្បៈ​ និង​មាន​សម្ភារៈ​គ្រប់សព្វ​ខាង​សិប្បកម្ម​នេះ។


ផ្នែក​តូរ្យតន្ត្រី ៖ ​ពិតមែនតែ​ព្រះសង្ឃ​មិន​ត្រូវការ​ខាង​ភ្លេង​តូរ្យតន្ត្រី​ របាំ​រាំច្រៀង​ ក៏​លោក​នៅ​តែ​ជួយ​ឧបត្ថម្ភ​ផ្នែក​នេះ​ដែរ​ ព្រោះ​នៅ​ក្នុង​ស្រុកភូមិ​សម័យ​នោះ​ គ្មាន​មូលដ្ឋាន​ទ្រទ្រង់​ឡើយ។


អាស្រ័យ​ហេតុនេះ​ ទើប​គ្រប់​វត្ត​អារាម​ទាំងអស់​សុទ្ធតែ​មាន​វង់ភ្លេង​ប្រចាំ​វត្ត​ ដូចជា​ ភ្លេង​ពិណពាទ្យ​ ឆៃយ៉ាំ​ជាដើម ។​ ក្រុម​ពុទ្ធបរិស័ទ​ជើងវត្ត​ដែល​ជំនាញ​ខាង​តូរ្យតន្ត្រី​ លោកគ្រូ​ចៅអធិការ​តែង​ហៅ​មក​ទំនុកបម្រុង​ ឲ្យ​ធ្វើ​គ្រូបង្ហាត់​​គ្នីគ្នា​ក្នុង​វត្ត​តៗ​មក ។ ​ឯ​គ្រឿង​សម្ភារៈ​តូរ្យតន្ត្រី​ទាំងអស់​ ដូច​ជា ​ស្គរ​ សម្ភោរ​ រនាត​គង ស្រឡៃ ​ជាដើម​ សុទ្ធតែ​លោកគ្រូ​ផ្ដល់​មធ្យោបាយ​ឲ្យ​ធ្វើ​ក្នុង​វត្ត ​ទុកដាក់​នៅ​ក្នុង​វត្ត​ គ្រាន់តែ​ប្រគល់​សិទ្ធិ​ឲ្យ​គ្រហស្ថ​ជា​គ្រូភ្លេង​នោះ​ កាន់កាប់​ថែរក្សា​ បើ​មាន​គេ​ជួល​ទៅ​ប្រគំ​នៅ​ទីណា​ ពួក​តន្ត្រីករ​នោះ​អាច​យក​កម្រៃ​ផ្ទាល់ខ្លួន​បាន​ ចំពោះ​វត្ត​អារាម​មិន​ត្រូវការ​អ្វី​ឡើយ។


វត្ត​អារាម​សម័យ​នោះ​មិន​គ្រាន់តែ​ជួយ​ឧបត្ថម្ភ​ខាង​ផ្នែក​តូរ្យតន្ត្រី​ប៉ុណ្ណោះ​ទេ​ បាន​ជួយ​ពួក​តន្ត្រីករ​ឲ្យ​បង្កើត​ជា​របាំ​ប្រជាប្រិយ​ទៀត​ ដូចជា​ ល្ខោន​យីកេ​ អាយ៉ង ត្រុដិ អាយ៉ៃ ​និង​ចម្រៀង​ចាប៉ី​ជាដើម ។ កាល​បើក​បាន​ហាត់រៀន​ចេះ​ដឹង​ហើយ​ គេ​យក​នាម​វត្ត​អារាម​របស់​គេ​មក​ឲ្យ​ឈ្មោះ​វង់ភ្លេង​ ​វង់​របាំ​ គេ​ថា​វង់ភ្លេង​វត្ត​នេះ​វត្ត​នោះ​ វង់​ល្ខោន​យីកេ​វត្ត​នេះ​វត្ត​នោះ​ តាម​ទម្លាប់​ក្នុង​សម័យនេះ។


លុះដល់​មក​សម័យ​ចម្រើន​លូតលាស់​ អង្គការ​វិចិត្រសិល្បៈ​និង​តូរ្យតន្ត្រី​បាន​ចេញពី​វត្ត​អារាម​ទៅ​នៅ​ក្នុង​ស្រុកភូមិ​ រដ្ឋ​បាន​ទំនុកបម្រុង​រួម​បញ្ចូល​ទៅ​ក្នុង​ក្រសួងអប់រំជាតិ​ដែល​មាន​វិជ្ជា​សិល្បៈ​វិចិត្រសិល្បៈ​និង​តូរ្យតន្ត្រី​អន្តរជាតិ​តាម​សម័យនិយម​ផ្សំ​ជាមួយ​ផង។


ទោះបី​អង្គការ​នោះ​បាន​ទទួល​វឌ្ឍនធម៌​រដ្ឋ​ហើយ​ ក៏​ព្រះសង្ឃ​គ្រប់​វត្ត​អារាម​នៅ​តែ​ជួយ​ឧបត្ថម្ភ​មិន​លះបង់​ឡើយ​ ថែម​ទាំង​ជួយ​ពួក​សិស្ស​ដែល​នៅ​រៀន​វិជ្ជា​ផ្នែក​នេះ​ ក្នុង​សាលា​រដ្ឋ​ឲ្យ​សំណាក់​ដេក​នៅ​បាយ​ទឹក​ក្នុង​វត្ត​ជា​ច្រើន​រយ​នាក់​ក្នុង​មួយ​ឆ្នាំ។


នេះ​ជា​សក្ខីភាព​មួយទៀត​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា​ ព្រះពុទ្ធ​សាសនា​ពិតជា​សាសនា​របស់​រដ្ឋ​កម្ពុជា​មែន។


ឈ. ​វត្ត​ និង​អង្គការ​ការពារ​ប្រទេស


ក្នុង​សតវត្សរ៍​មុន​ដែល​ប្រទេស​កំពុង​វឹកវរ​កើតសង្គ្រាម​ ប្រជាពលរដ្ឋ​ និង​យោធា​ជាតិ​តែង​នាំ​គ្នា​ទៅ​ហាត់រៀន​វិជ្ជា​យុទ្ធសាស្ត្រ​ក្នុង​ទី​វត្ត​អារាម​ ដែល​មាន​ព្រះសង្ឃ​ចាស់ទុំ​ធ្លាប់​ធ្វើ​មេទ័ព​ឬ​ក៏​ធ្លាប់​ចេះ​យុទ្ធវិធី​ និង​មន្តអាគម​ផ្សេងៗ​ ដូចជា ​វិជ្ជា​គុនដំបង​ គុន​ដាវ​លំពែង​ បោកចំបាប់​ ហក់លោត​ និង​រៀន​មន្តអាគម​ការពារ​ខ្លួន​ រៀន​វិធី​ប្រក់ពល ​នាំ​ទ័ព ​កលឧបាយ​សង្គ្រាម​ជាដើម។


ម្យ៉ាងទៀត​ដោយ​វត្ត​អារាម​មាន​សម្ភារៈ​ខាង​ជាង​ដែកស្រាប់ ​និង​មាន​ព្រះសង្ឃ​ចេះ​ក្បួនតម្រា​ធ្វើ​ដាវ​លំពែង​ផង​ គេ​តែង​នាំ​គ្នា​ទៅ​ធ្វើ​គ្រឿង​អាវុធ​ក្នុង​ទី​វត្ត​ និង​សុំ​អាវយ័ន្ត ​កន្សែង​យ័ន្ត​ ខ្សែ​គាថា​ ពី​ព្រះសង្ឃ​ដែល​ធ្លាប់​មាន​បច្ចេកទេស​ក្នុង​រឿង​នេះ។


លុះដល់​មក​សម័យ​ចម្រើន​លូតលាស់​ អង្គការ​ការពារ​ប្រទេស​បាន​ឃ្លាត​ពី​វត្ត​អារាម​ទៅ​នៅ​ក្នុង​ស្រុកភូមិ​ កើតជា​ក្រសួង​ការពារ​ប្រទេស​ជាតិ​ឡើង​ ដោយ​មាន​វិជ្ជា​យុទ្ធសាស្ត្រ​អន្តរជាតិ​តាម​សម័យនិយម​ និង​គ្រឿងសាស្ត្រាវុធ​ទំនើប​អម​ជាមួយ​ផង។


ទោះបី​អង្គការ​នេះ​បាន​ទទួល​វឌ្ឍនធម៌​ផ្ទាល់​ពី​រដ្ឋ​ហើយ​ ក៏​ព្រះសង្ឃ​នៅ​តែ​ជួយ​គាំទ្រ​គ្រប់​មធ្យោបាយ​តាម​លទ្ធភាព​ដែល​អាច​ជួយ​បាន។


នេះ​ជា​សក្ខីភាព​មួយទៀត​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា​ ព្រះពុទ្ធ​សាសនា​ពិតជា​សាសនា​របស់​រដ្ឋ​កម្ពុជា​មែន។


ញ. វត្ត ​និង​អង្គការ​ឃោសនាការ


ក្នុង​សម័យ​ប្រទេស​មាន​គ្រោះថ្នាក់​ខ្សោយ​ឥទ្ធិពល​ អ្នកស្រុក​ភូមិ​ទាំងឡាយ​កាលបើ​ចង់​ដឹង​ដំណឹង​អ្វីមួយ​ឲ្យ​បាន​ច្បាស់លាស់ ​គេ​តែង​នាំ​គ្នា​ទៅ​វត្ត​អារាម​សាកសួរ​លោកគ្រូ​ចៅអធិការ​ និង​ព្រះសង្ឃ​ក្នុង​វត្ត​ ព្រោះ​វត្ត​អារាម​ជា​សភាជាតិ​ឬ​ជា​មន្ទីរ​ឃោសនាការ​របស់​អ្នកស្រុក​ភូមិ ។ ​អ្នកស្រុក​មានរឿង​ហេតុ​អ្វី​ មាន​ដំណឹង​អ្វី​ថ្មី​ តែង​ទៅ​វត្ត​ពិគ្រោះ​ជាមួយ​លោកគ្រូ​ចៅអធិការ​ ម្ល៉ោះហើយ​លោកគ្រូ​ចៅអធិការ​វត្ត​មួយៗ​តែង​ដឹង​ដំណឹង​សុខទុក្ខ​ក្នុងភូមិ​ស្រុក​គ្រប់សព្វ​មិនសូវ​ចន្លោះ​ ដូចជា ​ដំណឹង​ខាង​កសិកម្ម​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ ដំណឹង​បុណ្យ​ទាន​ និង​ដំណឹង​កើត​ស្លាប់​របស់​អ្នក​ស្រុកភូមិ​ជាដើម ។  ឯ​ដំណឹង​នោះ​ច្រើន​តែ​ពិត​ទៀត​ផង​ ព្រោះ​លោកសង្ឃ​​តម​មិន​និយាយ​កុហក​ មិន​ផ្សាយដំណឹង​អកុសល ។ នេះ​ជា​ការ​ឃោសនា​ម្យ៉ាង។


ម្យ៉ាងទៀត​ដើម្បី​ផ្សាយដំណឹង​ឲ្យ​ដឹង​ឮ​សុសសាយ​ពេញ​ស្រុកភូមិ​ ព្រះសង្ឃ​គ្រប់​វត្ត​អារាម​បាន​សន្មត​ប្រើ​ស្គរ​ជួង គង​ជា​សញ្ញា ។ ​គ្រាន់តែ​ពេល​លោក​ចូល​វិហារ​សូត្រធម៌​ព្រឹកល្ងាច​ ក៏​វាយ​ស្គរ​ជួង​គង​​ផ្សាយដំណឹង​ពេលវេលា​ទៀងទាត់​ឲ្យ​អ្នកស្រុក​ភូមិ​ដឹង​ឮ​ដែរ​ ដើម្បី​ក្រោក​ទៅ​ប្រកប​កិច្ចការ​ឬ​ឈប់​សម្រាក​ធ្វើ​ការងារ​ជាដើម។


បើ​មាន​ដំណឹង​សំខាន់​ដូច​ជា​ដំណឹង​មហាសន្និបាត​ប្រជុំ​គ្នា​ធ្វើបុណ្យ​ទាន​ធំៗ​​ដើម្បី​ស្ថាបនា​សមិទ្ធផល​អ្វីមួយ​ក្នុង​វត្ត​ឬ​ក្រៅ​វត្ត​ តែង​ផ្សាយដំណឹង​នោះ​ដោយ​សិល្បនាដកម្ម​ និង​តូរ្យតន្ត្រី​ មាន​របាំ​ត្រុដិ​ ឆៃយ៉ាំ​ យីកេ​ជាដើម​ មាន​ចាត់​ជា​ក្បួន​ឲ្យ​អាចារ្យ​ឬ​ចាស់ព្រឹទ្ធាចារ្យ​ដើរ​មុខ​ នាំ​របាំ​ទាំងនោះ​ ដើរ​រាំច្រៀង​ ប្រគំ​ភ្លេង​ ឃោសនា​គគ្រឹកគគ្រេង​នៅ​ស្រុកភូមិ​ ផ្តល់​ដំណឹង​លើកទឹកចិត្ត​ បង្កើត​សាមគ្គីធម៌​ឲ្យ​អ្នក​ភូមិ​មក​រួម​ប្រជុំ​គ្នា​នៅ​ទី​ វត្ត​អារាម​ឬ​ទីណា​មួយ​ដើម្បី​ពួត​កម្លាំង​គ្នា​ជួយ​ក្នុង​កិច្ចការ​ស្ថាបនា​សមិទ្ធផល​នោះៗ​ឲ្យ​បាន​សម្រេច​ឆាប់ ។​ ការ​ឃោសនា​ដោយ​សិល្បៈ​នាដកម្ម​ និង​តូរ្យតន្ត្រី​នេះ​មាន​ភ័ស្តុតាង​នៅ​ក្នុង​ចម្រៀង​របាំ​ត្រុដិ​ និង​ចម្រៀង​ឆៃយ៉ាំ​ពី​បុរាណកាល​ស្រាប់។


ការ​ផ្សាយដំណឹង​ដោយ​សិល្បៈ​បែប​នេះឯង​ ដែល​ជាប់​ជា​ទំនៀមទម្លាប់​មក​ដល់​សព្វថ្ងៃ​ នាំ​គ្នា​និយាយ​ថា​ «ហែ» ​ដូច​ជា​ហែផ្កា ហែព្រះ ​ហែ​កឋិន និង​ហែនាគ​ជាដើម ។ ការ​ហែ​នេះ​បាន​សេចក្ដី​ថា​ ការ​ឃោសនា​ផ្សាយដំណឹង​ហូរហែ​ទៅ​តាម​ស្រុកភូមិ​ ឲ្យ​អ្នកស្រុក​ភូមិ​បានដឹង​ ហើយ​ជួយ​ហែហម​ គឺ​ជួយ​ចោមរោម​អបអរ​ដោយ​កម្លាំងកាយ​ និង​សម្ភារៈ​ដើម្បី​ញ៉ាំង​កិច្ចការ​ឲ្យ​បាន​សម្រេច​ឆាប់។


លុះដល់​មក​សម័យ​ចម្រើន​លូតលាស់​ អង្គការ​ឃោសនា​បាន​ចេញពី​វត្ត​អារាម​ទៅ​នៅ​ក្នុង​ស្រុកភូមិ​ កើតជា​ក្រសួង​ឃោសនាការ​ជាតិ​ឡើង​ ដោយ​មាន​វិធី​ឃោសនា​អន្តរជាតិ​តាម​សម័យនិយម​ ​និង​មាន​សម្ភារៈ​ឃោសនា​ទំនើប​ ដូច​ជា​វិទ្យុ​ផ្សាយ​សំឡេង​ ឧគ្ឃោសនស័ព្ទ​ផ្សំ​ជាមួយ​ផង។


ទោះបី​អង្គការ​នេះ​បាន​ទទួល​វឌ្ឍនធម៌​ផ្ទាល់​ពី​រដ្ឋ​ហើយ​ ក៏​ព្រះសង្ឃ​គ្រប់​វត្ត​អារាម​នៅ​តែ​ជួយ​ឧបត្ថម្ភ​ពេញទំហឹង​ មាន​ជួយ​ឃោសនា​ដោយ​ទេសនា​ ដោយ​សន្និសីទ​ ទស្សនាវដ្ដី​ និង​សៀវភៅ​ក្បួនច្បាប់​ជាដើម​ ដឹកនាំ​ប្រជាពលរដ្ឋ​ឲ្យ​ដំណឹង​ពិត​តាម​ទស្សនវិជ្ជា​ ដើម្បី​បណ្តុះ​ចិត្ត​អ្នក​ជាតិនិយម​ឲ្យ​ចេះ​ស្រឡាញ់​ជាតិ​ សាសនា​ ព្រះរាជ​បល្ល័ង្ក​ និង​ជួយ​បង្កើត​ឲ្យ​មាន​មន្ទីរ​ឃោសនាការ​ជាតិ​ នៅ​តាម​ស្រុកភូមិ​ជាដើម។


នេះ​ជា​សក្ខីភាព​មួយទៀត​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា​ ព្រះពុទ្ធ​សាសនា​ពិតជា​សាសនា​របស់​រដ្ឋ​កម្ពុជា​មែន ។


ដ. វត្ត ​និង​អង្គការ​យុត្តិធម៌


អង្គការ​នេះ​ទោះបី​ក្នុង​សម័យ​ទន់ខ្សោយ​ក្ដី​ សម័យ​ចម្រើន​លូតលាស់​ក្ដី​ វត្ត​អារាម​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​មានការ​ចាំបាច់​ខាង​ការ​ផ្សាយ​ និង​ពង្រីក​វឌ្ឍនភាព​នៃ​យុត្តិធម៌​ទៅ​ក្នុង​សង្គម​ខ្មែរ​តាម​ទ្រឹស្ដី​ពុទ្ធសាសនា​ ដើម្បី​ដឹកនាំ​ពលរដ្ឋ​ឲ្យ​មានចិត្ត​គំនិត​ស្លូតត្រង់​ប្រកបដោយ​គតិបណ្ឌិត​ ស្គាល់​គុណ​ទោស​ខុស​ត្រូវ​បំបាត់​ចិត្ត​កាច​សាហាវឃោរឃៅ​បំពារបំពាន​លើ​សិទ្ធិ​អ្នក​ដទៃ​ បង្កើត​ចិត្តមេត្តា​ករុណា​អាណិតអាសូរ​មនុស្ស​សត្វ​ ដែល​ជា​ចិត្ត​ប្រកបដោយ​មនុស្សធម៌​ សីលធម៌​ និង​អារ្យធម៌​ គឺ​បណ្ដោះ​បណ្ដាល​យុត្តិធម៌​សង្គម (Justice sociale) ​ឲ្យ​រីក​ដុះដាល​ក្នុង​សង្គម​ជាតិខ្មែរ។


អាស្រ័យ​ហេតុនេះ​ទើប​ពលរដ្ឋ​ខ្មែរ​ស្អប់ខ្ពើម​អយុត្តិធម៌​ ការ​ឈ្លោះ​ទាស់​គ្នា ។ កាល​បើ​មានរឿង​ហេតុ​ឈ្លោះ​ទាស់ទែង​ខ្វែងគំនិត​គ្នា​កើតឡើង ​តែង​ទៅ​វត្ត​អារាម​ដំណាល​ររឿង​រ៉ាវ​របស់​ខ្លួន​ប្រគេន​លោកគ្រូ​ចៅអធិការ​ស្ដាប់​ដោយ​ផ្ទាល់ខ្លួន​ ឬ​អ្នក​ជិតខាង​ជួយ​យកអាសា​នាំ​រឿងរ៉ាវ​ទាស់​ទៅ​ប្រគេន​ដំណឹង​ឲ្យ​លោកគ្រូ​ជ្រាប ​សុំ​ឲ្យ​ហៅ​គូវិវាទ​ទៅ​វត្ត​ដើម្បី​ផ្សះផ្សា​សម្រុះសម្រួល​កុំ​ឲ្យ​កើតក្ដី​ក្ដាំ​នឹង​គ្នា​ដល់​តុលាការ​ នាំ​ឲ្យ​ខូចខាត​ពេលវេលា​ ធ្វើការ​រកស៊ី។


លោកគ្រូ​ចៅអធិការ​តែង​យក​ព្រះ​ទ័យ​ទុកដាក់​ជួយ​សម្រួល​រឿង​ទាស់​នោះ ឲ្យ​បាន​ស្រុះស្រួល​គ្នា​វិញ តាម​លទ្ធភាព​ដែល​លោក​អាច​ធ្វើ​បាន​តាម​វិន័យ​សិក្ខា ។  ចំណែក​ខាង​គូវិវាទ​ កាលបើ​លោកគ្រូ​របស់​ខ្លួន​បាន​ហៅ​ទៅ​វត្ត​អារាម​ដើម្បី​សុំ​បិណ្ឌបាត​រឿង​ទាស់​នោះ​ចោល​ហើយ​ ក៏​មានចិត្ត​ទោរ​ទន់​ទាំង​ពីរ​ខាង​ ខុស​ត្រូវ​លើសខ្វះ​បន្តិច​បន្តួច​សុខ​ចិត្តជា​គ្នា​វិញ​ដោយ​រីករាយ។


នេះ​ជា​សក្ខីភាព​មួយទៀត​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា​ ព្រះពុទ្ធ​សាសនា​ពិតជា​សាសនា​របស់​រដ្ឋ​កម្ពុជា​មែន។


ព្រះពុទ្ធ​សាសនា​មាន​សក្ខីភាព​ដូច​នាំ​មក​រ៉ាយរ៉ាប់​យ៉ាង​សង្ខេប​ខាងលើ​នេះ​ឃើញ​ថា​ មាន​ឧបការៈគុណ​យ៉ាង​ធំ​ក្រៃ​លែង​ចំពោះ​ប្រទេស​កម្ពុជា​ ចាប់តាំងពី​មុន​គ្រិស្តសតវត្សរ៍​ ៣០០​ឆ្នាំ​ ដែល​ប្រជាជន​ខ្មែរ​បាន​ចាប់ផ្ដើម​សាង​ខ្លួន​ឲ្យ​កើតជា​ប្រជាជាតិ​មួយ​ក្នុង​លោក​ ដរាប​មក​ដល់​ប្រទេស​កម្ពុជា​បាន​កើត​ជា​កោះសន្តិភាព​ក្នុង​ពិភពលោក​នា​សម័យ​សង្គមរាស្ត្រនិយម​ដែល​មាន​សម្ដេចព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​ប្រមុខរដ្ឋ​ ជា​អគ្គពុទ្ធសាសនូបត្ថម្ភក៍។


ដូច្នេះ​ប្រជាជាតិ​ខ្មែរ​ទាំងអស់​ ត្រូវ​តែ​ដឹងគុណ​ តប​គុណ​ គោរព​លើកតម្កើង​ ថែរក្សា​ការពារ​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​ខ្លួន​ស្មើ​ជីវិត​ មិន​ត្រូវ​វង្វេង​សាសនា​ មានគំនិត​រាក់​ត្រចៀកស្រាល​ ឆាប់​ចុះ​ញ៉ម​ចាញ់​អារ្យធម៌​បរទេស​ ថ្វាយខ្លួន​បម្រើ​មនោគមវិជ្ជា​បរទេស​ឡើយ។


ឯកសារយេាង អត្ថបទដកស្រង់ចេញ

ពី» ( សៀវភៅ ពុទ្ធសាសនា និង​វិទ្យាសាស្ត្រ )

ដោយ សុង ស៊ីវ


……………………………….

🍃ធម្មទាន FB: សច្ចធម៌

0 comments:

Enregistrer un commentaire