ប្លង់ប្រាសាទអង្គរវត្ត និងរូបប្រាសាទ (ប្រភពពីគូហ្គល, Google source and www.secretsinplainsight.com)
.....................
ភាពឥតខ្ចោះនៃប្លង់មេ របស់មហាប្រាសាទអង្គរវត្ត ឬអង្គរតូចកើតឡើងពីសមប្បមាណវិធី (ស៊ីមេទ្រី) និងស្ថាបត្យកម្មដ៏វិចិត្រ ដែលមានភាពល្មមសមសួនបំផុត។ បើមើលនឹងភ្នែក អង្គរវត្តពិតជាសក្តិសមនឹងការកោតស្ញប់ស្ញែងរបស់មហាជនទាំងឡាយ។
........................
តើអស់លោកមានដឹងពីពហុអត្ថន័យ ដែលអស់លោកអ្នកប្រាជ្ញបានបង្ហាញពីស្ថាបត្យកម្មខ្មែរមួយនេះទេ? នេះជាជ្រុងមួយ នៃអត្ថន័យដ៏អាថ៍កំបាំងនៃប្រាសាទអង្គរ ដែលយើងគួរស្វែងយល់ និងពិចារណា។
....................
អេលៀន័រ ម៉ាន្នីកា(Eleanor Mannika) អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យឥណ្ឌាណា នាឆ្នាំ១៩៧០ លោកស្រីមានជំនឿថាខ្នាតរង្វាស់របស់ខ្មែរ (ហត្ថ) ដែលប្រើនៅអង្គរវត្ត ដូចជាចម្ងាយ និងទំហំប្រាសាទអង្គរវត្តជាលេខប្រស្នារ ឬជាការលេងគំនិតដ៏ជ្រាលជ្រៅនៃទស្សនវិស្ណុនិយម។ ដូចជាចម្ងាយរវាងក្លោងទ្វារខាងលិច ទៅប្រាង្គកណ្តាល និងចម្ងាយពីថែវមួយទៅថែវមួយមានពាក់ព័ន្ធនឹងអាយុកាលនៃយុគទាំង៤ដូចជាពី
~ក្លោងទ្វារខាងលិចទៅប្រាង្គកណ្តាលមានប្រវែង១៧២៨ហត្ថ
~ថែវទី៣ ទៅថែវទី២ មានប្រវែង១២៩៦ហត្ថ
~ថែវទី២ ទៅថែវទី១ មានប្រវែង៨៦៧ហត្ថ
~ថែវទី១ ទៅប្រាង្គកណ្តាល មានប្រវែង៤៣៩ហត្ថ។ បើប្រៀបធៀបនិងអាយុយុគគឺពាក់ព័ន្ធគ្នាដូចជា៖
~ក្រិតយុគមានអាយុកាល១.៧២៨.០០០ឆ្នាំ។
~ត្រេតយុគមានអាយុកាល១.២៩៦.០០០ឆ្នាំ។
~ទ្វាបរយុគ៨៦៤.០០០ឆ្នាំ។
~កលិយុគមានអាយុកាល៣២.០០០ឆ្នាំ។
ដូច្នេះយុគទី១យូរជាងយុគទី៤ ៥៤ដង(៥+៤=៩) យុគទី២យូរជាងយុគទី៤ ៤០.៥ដង(=៩) យុគទី៣ យូរជាងយុគទី៤ ២៧ដង(=៩) រីឯយុគចុងក្រោយជាយុគបច្ចុប្បន្ន។ តាមទស្សនវិស្ណុនិយម ចុងយុគនេះព្រះព្រហ្មនឹងបំផ្លាញលោក ហើយព្រះវិស្ណុ នឹងផ្ទុំលើនាគអនន្ត ដើម្បីបង្កើតលោកតាមគម្រូក្រិតយុគជាថ្មីឡើងវិញ។ តួលេខគម្រូប្លង់នៃប្រាសាទអង្គរវត្តជាប្រស្នារ ឬជាការលេងគំនិតនៃព្រហ្មញ្ញនិយមបែបខ្មែរ ដែលត្រដាងពង្រួមលើគម្រូប្លង់ដ៏វិចិត្រនៃប្រាសាទអង្គរវត្ត។
បើយើងដើរចូលពីខាងលិច មុននឹងចូលទៅកាន់ប្រាង្គកណ្ដាលយើងនឹងឆ្លងកាត់ស្ពាននាគកសិណ្ធុទឹក ហើយបន្ដឆ្លងកាត់ការបង្រួមនៃអាយុយុគទាំង៤ រហូតដល់វិស្ណុស្ថាន។ មានន័យថាកើតចេញពីវិស្ណុ ស្លាប់ទៅរកវិស្ណុ ទើបសម័យបុរាណ ប្រាសាទនេះ មានឈ្មោះថាបរមវិស្ណុលោក ព្រោះព្រះបាទសូរ្យវម្ម៌ទី២ កើតចេញពីព្រះវិស្ណុ(អវតា) ហើយនឹងទៅលោករបស់ព្រះវិស្ណុវិញ។
ហាក់បញ្ជាក់ថាកសិណ្ធុជាអន្តរយុគ ដែលនឹងត្រូវបង្កើតលោកមួយថ្មី ហើយប្រវែងនីមួយៗជាយុគទាំង៤។ មួយវិញទៀតប្រហែលចេតនានៃការកសាងប្រាសាទបែរទៅទិសខាងលិចទំនងមិនមែនជារឿងចៃដន្យឡើយ អាចពាក់ព័ន្ធនឹងប្រស្នារដ៏ជ្រាលជ្រៅនៃវិស្ណុនិយម។
សូមបញ្ជាក់ទស្សននៃប្លង់ប្រាសាទអង្គរវត្ត ដូចកង់នៃការកើត និងការស្លាប់នៅក្បែរគ្នា ប្រៀបបីដូចចម្លាក់កូរសមុទ្រទឹកដោះ(ការកើតលោក) ឆ្លាក់ជាប់នឹងចម្លាក់នរកសួគ៌(ការស្លាប់)។








0 comments:
Enregistrer un commentaire